ភ្នំពេញ ៖ សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ បើក​សវនាការ​នៅ​ថ្ងៃ​ពុធ​ទី​១៥​ខែមករា​នេះ បន្ទាប់​ពី​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​បទ​ចោទ «​ស​ន្និ​ដ្ឋិ​ភាព​» ជាមួយ​បរទេស ។​

​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ជា​ខ្លាំង នៅ​បរិ​វេន​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាព​របស់ លោក កឹ​ម សុខា មេដឹកនាំ​ក្រុមប្រឆាំង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃនេះ ។​

​សវ​នា​នេះ​ដឹកនាំ​ដោយ​លោក កូយ សៅ អនុប្រធាន​សាលាដំបូង និង​ជា​ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ លោក​ចៅក្រម សេង លាង លោក ធា​ម ច​ន្ទ័​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា និង​មាន​លោក វង្ស ប៊ុ​ន​វិសុទ្ធ ជា​តំណាង​អយ្យការ ។ ក្នុង​សវនាការ​នេះ ក៏​មាន​វត្តមាន​មេធាវី​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក គី តិច និង​សាក្សី​ដាក់បន្ទុក​មួយ​ចំនួន​ផង​ដែរ​ ។​

​សវនាការ​នេះ តុលាការ​អនុញ្ញាត​ឱ្យ​មនុស្ស​ប្រមាណ​តែ​៣០​នាក់​ប៉ុណ្ណោះ ចូល​ស្តាប់​សវនាការ ចំណែក​អ្នក​សារព័ត៌មាន​មិន​អនុញ្ញាត​នោះ​ទេ ។ ការ​ចូល​សវន​ការ​នេះ ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ជា​មុន​ផង​ដែរ ។​

អ្វីដែល​ជា​ការ​កត់សម្គាល់នោះ នៅ​ពេល​លោក កឹ​ម សុខា បាន​ទៅ​ដល់​តុលាការ​នា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​គេ​ពុំ​ឃើញ​មាន​អ្នកគាំទ្រ ក្រុមប្រឆាំង​ណា ទៅ​ប្រមូលផ្តុំ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ ៕