រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ត្រូវបុរសជាសង្សារបានសម្លាប់ចោលគ្មានញញើតដៃ ព្រោះតែភ្លើងប្រចណ្ឌ ហើយជនដៃដល់ជាឃាតករបានអារ.កសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ ត្រូវកម្លាំងសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើង បង្កការភ្ញាក់នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្បែរផ្សារបឹងសាឡាង ស្ថិតនៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

នារីរងគ្រោះមានឈ្មោះសុខ ស្រីស៊ី ហៅពៅ អាយុ២៧ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅជាមួយបឹងប្អូនជីដូនមួយក្នុងបន្ទប់ខាងលើ មានស្រុកកំណើតនៅព្រៃវែង ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មិនឃើញនារីរងគ្រោះ ទៅធ្វើការរោងចក្រដូចសព្វដង ទើបបងស្រីរបស់នារីរងគ្រោះ មានចិត្តងឿងឆ្ងល់ ក៏ដើរមកមើលដល់បន្ទប់ជួលប្អូនស្រី ហើយស្រែកហៅ តែមិនឮសំទ្បេងឆ្លើយតបទេ ក៏ហៅគ្នីគ្នាឲ្យមកជួយគាស់បន្ទប់មើល ស្រាប់តែឃើញនារីរងគ្រោះ ដេកក្នុងថ្លុកឈាមសភាពធ្ងន់ធ្ងរ រីឯបុរសជាសង្សារ ក៏មានរបួសដូចគ្នាផងដែរ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ហើយបានបញ្ជូននារីរងគ្រោះ និងជនដៃដល់ទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសល នារីរងគ្រោះបានដាច់ខ្យល់ស្លាប់ ចំណែកជនដៃដល់ជាឃាតករ ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។
សមត្ថកិច្ច បញ្ជាក់ថា ករណីឃាតកម្មដ៏សាហាវនេះ គឺសង្ស័យផ្ដើមចេញពីរឿងស្នេហាត្រីកោណ កើតជាភ្លើងប្រចណ្ឌ ទើបជនដៃដល់ដាច់ចិត្តចាក់សម្លាប់នារីរងគ្រោះជាសង្សារ រួចអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ តែមិនសំណាងល្អមិនស្លាប់។សពនារីរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដឹកទៅស្រុកកំណើត ដើម្បីចាត់ការធ្វើបុណ្យតាមប្រពៃណី៕