ខេត្តព្រៃវែង ៖ ដំបូង​ឡើយ សមត្ថកិច្ច​មាន​បំណង គ្រាន់តែ​ចង់​ឃាត់ខ្លួន​យុវតី​ឈ្មោះ ចាន់​រី ដែល​ក្រុម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដាក់​រហ័ស​នាម​ឱ្យ​ថា​«​បងធំ​មេ​សាង ខេត្តព្រៃវែង​» យក​មក​ធ្វើការ​អប់រំ​ណែនាំ​ប៉ុណ្ណោះ ប៉ុន្តែ​បែរជា​ឪពុក​ម្តាយ​និង​ក្រុម​គ្រួសារ​យុវតី ចាន់​រី សម្តែង​អាកប្បកិរិយា​មិន​សមរម្យ​មក​លើ​សមត្ថកិច្ច​នោះ ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​មេ​សាង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង ដោយ​ជាប់ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​លើ​អ្នក​ដទៃ ។​

​តាម​រយៈ​វី​ដេ​អូ​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម យុវតី ចាន់​រី មាន​បក្ខពួក​ជា​ច្រើន​នាក់ បាន​ស្ទាក់​ម៉ូតូ​របស់​យុវតី​ចំនួន​៤​នាក់​ផ្សេង​ទៀត ដែល​អះអាង​ថា ជា​អ្នក​មក​ពី​ស្រុក​ផ្សេង មិនមែន​នៅ​ស្រុក​មេ​សាង​នោះ​ទេ ហើយ​មូលហេតុ​ដែល​ស្ទាក់​សួរនាំ និង​គំរាម​រក​វាយ​គេ​នោះ ដោយសារ​តែ​ភាគី​ម្ខាង​ទៀត បាន​មើល​មុខ​ខ្លួន ។​

​លោក នូវ ហាច អធិការ​នគរបាល​ស្រុក​មេ​សាង បាន​ប្រាប់​ឲ្យ​ដឹង​ថា ហេតុការណ៍​ដែល​យុវតី ចាន់​រី និង​បក្សពួក​ស្ទាក់​វាយ​យុវតី​រង​គ្រោះ​នោះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១១ មក​រា មក​ម្លេះ បន្ទាប់​ពី​យុវតី​ទាំង​អស់នោះ មក​ពី​មើល​គេ​ប្រកួត​បាល់​នៅ​វិទ្យាល័យ​មេ​សាង ប៉ុន្តែ​រឿងរ៉ាវ​នេះ​បាន​បែកធ្លាយ បន្ទាប់​ពី​បក្សពួក​របស់​គេ បង្ហោះ​វី​ដេ​អូ​ឃ្លី​ប ដែល​ថត​ពី​សកម្មភាព​របស់​យុវតី ចាន់​រី គំរាម​និង​វាយ​យុវតី​រង​គ្រោះ ចូល​ក្នុង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ។ ក្រោយ​ឃើញ​វី​ដេ​អូ​មិន​សមរម្យ​ដែល​ត្រូវ​បាន​ចែកចាយ ដែល​អាច​ប៉ះពាល់​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម លោក​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​កម្លាំង​នគរបាល​ស្រុក​មេ​សាង ឈាន​ដល់​ការ​ឃាត់ខ្លួន​យុវតី​ខាងលើ​យក​មក​សួរនាំ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ មក​រា ២០២០ តែ​ម្តង ។​

​អធិការ​នគរបាល​ស្រុក​មេ​សាង បាន​បន្ត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​មក​សួរនាំ ដឹង​ថា​យុវតី​ម្នាក់​នេះ​ឈ្មោះ ចាន់ រី ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​មេ​សាង ហើយ​កន្លង​ទៅ​មិន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​បែប​នេះ​ឡើយ ពោល​ទើបតែ​លើក​ទី​១​នោះ​ទេ ហេតុ​ដូច្នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​អប់រំ​យុវតី​រូប​នេះ​តែ​ប៉ុណ្ណោះ ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បែប​នេះ និង​មានការ​ធានា​ពី​អាណាព្យាបាល ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ មិន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អ្វី​នោះ​ទេ ។​

​លោក​អធិការ បន្ថែម​ថា ប៉ុន្តែ​នៅ​ពេល​ដែល​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​អប់រំ​ណែនាំ បែរជា​ឪពុក​ម្តាយ និង​បងប្អូន​សាច់ញាតិ​របស់​នាង លើកគ្នា​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដោយ​បាន​ស្រែក​ឡូឡា អុកឡុក​ជា​ខ្លាំង និង​បាន​គំរាម​ចង់​ប្តឹង​បក​ទៅ​សមត្ថកិច្ច​វិញទៀត ដោយ​អះអាង​ថា កូនស្រី​របស់​គាត់​គ្រាន់តែ​ខុសឆ្គង​តិចតួច មិន​សម​ណា​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​នោះ​ទេ ធ្វើ​បែប​នេះ គឺ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​ខ្លាំង​ណាស់ ។​

​លោក នូវ ហាច បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​អាកប្បកិរិយា​មិន​សមរម្យ របស់​គ្រួសារ​យុវតី ចាន់​រី មក​លើ​សមត្ថកិច្ច​បែប​នេះ ទើប​លោក​រាយ​ការ​ណ៌​ឆ្លង​យោបល់​ទៅ​លោក​ព្រះរាជអាជ្ញា ហើយ​ព្រះរាជអាជ្ញា ក៏​បញ្ជា​អោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តែ​ម្តង ដោយ​ចោទប្រកាន់​ពី​បទ បង្ក​របួស​ស្នាម​ដោយ​ចេតនា​លើ​អ្នក​ដទៃ ហើយ​បច្ចុប្បន្ន​នេះ​កំលាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង កំពុង​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី មុន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ៕

អត្ថបទពាក់ព័ន្ធទី១ អបអរសាទរ ! ក្រុមយុវតីជើងខ្លាំង ស្ទាក់វាយគេចោទដណ្តើមសង្សារ ថតវីដេអូបង្ហោះហ្វេសប៊ុក ត្រូវសមត្ថកិច្ចឃាត់ខ្លួន… (មានវីដេអូ)

ទី២ ចាន់រី ប្រហែលជាចង់ជួបសមត្តកិច្ចម្ដងទៀតហើយ ! ចេញពីប៉ុស្តិ៍ភ្លាម ស្រាប់តែបង្ហោះពាក្យមួយចំនួនថា…

ទី៣ ក្រោយពីឪពុកម្តាយនាងគំរាមប្តឹងបកសមត្ថកិច្ច ៖ យុវតីជើងខ្លាំងស្រុកមេសាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋានខេត្តហើយ …

ទស្សនាវីដេអូឃ្លីប