ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ នៅក្នុងខែមិថុនា ឆ្នាំ១៩៤៧ ព្រះមហាក្សត្រនរោត្តម សីហនុ បានសម្រេចព្រះទ័យសាងផ្នួសរយៈពេលមួយវស្សា (៣ខែ) ដើម្បីលាបំណន់នូវបន្ទូលដែលព្រះអង្គបានបន់ស្រន់កាលពីយប់ថ្ងៃទី៩ មីនា ឆ្នាំ១៩៤៥ គឺពេលដែលកងទ័ពជប៉ុន បើកយុទ្ធនាការចាប់ពួកបារាំង ទាំងអស់យកទៅឃុំឃាំងនោះ ព្រះអង្គមានការភ័យខ្លាច ក៏បានរត់ភៀសព្រះកាយចេញពីព្រះបរមរាជវាំង ទៅពួនលាក់ព្រះកាយនៅក្នុងកុដិព្រះតេជគុណកែវ អ៊ូច ក្នុងវត្តបុទុមវត្តី ហើយនៅក្នុងការពួនព្រះកាយនៅរាត្រីដ៏សោកសៅនោះ ព្រះអង្គបានបន់ស្រន់ថា បើព្រះអង្គបានរួចផុតពីគ្រោះកាចចង្រៃ ព្រះអង្គនឹងសាងផ្នួស ដើម្បីតបស្នងសងគុណដល់បារមីព្រះពុទ្ធជាអម្ចាស់វិញ។


នៅក្នុងឱកាសសាងផ្នួសដំបូងនោះ ព្រះអង្គបានព្យាយាមសម្របសម្រួលកាយចិត្តទាំងស្រុងក្នុងការធ្វើសម្មាធិយ៉ាងមុតមាំ ហើយព្រះអង្គមិនបាននិមន្ដទៅទីណាឆ្ងាយពីទីក្រុងទេ ព្រោះកុំឲ្យមានការរំខានដល់ប្រជារាស្រ្ដជាអ្នកស្រែចម្ការ ដែលកំពុងមមាញឹកក្នុងការបង្កបង្កើនផល។ កាលនោះ មានព្រះគ្រូ កែវ អ៊ូច ព្រះគ្រូ ជួន ណាត ព្រះគ្រូ ហួត តាត (កាលនោះព្រះគ្រូទាំង៣អង្គ មិនទាន់មានគោរម្យងារ ជាសម្ដេចសង្ឃរាជនៅឡើយ) ជាអ្នកចេះដឹងជ្រៅជ្រះ បានជួយបង្ហាត់បង្រៀនពីធម៌របស់ព្រះពុទ្ធសាសនា។


ព្រះមហាក្សត្រនរោត្តម សីហនុ មានព្រះរាជតម្រិះថា ការសិក្សាពីធម៌ក្នុព្រះពុទ្ធរយៈពេល៣ខែ ពិតជាពុំគ្រប់គ្រាន់ទេ គេគប្បីចំណាយពេលសិក្សា និងសម្មាធិរយៈពេល៣០ឆ្នាំ ទើបអាចយល់ដឹង និងជ្រួតជ្រាបប្ញសគល់ពិតប្រាកដ នូវធនធានកេរមរតករបស់ពុទ្ធសាសនានេះ។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ក៏ក្នុងរយៈពេលខែមួយនៃការសិក្សានេះ ដោយសារព្រះអង្គធ្លាប់បានសិក្សាមេរៀនរបស់ទស្សន-វិជ្ជារបស់លោកអធិការនាយកក័របេត៍ និងធ្លាប់សិក្សាមេរៀនស្ដីពីព្រះពុទ្ធសាសនារបស់លោកសឺដេស និងហ្គូលូបេវ នៅឯសាលាបារាំងចុងបូព៌ាដែរនោះ ព្រះអង្គក៏បានរៀបចំអត្ថបទបែបព្រះពុទ្ធសាសនា ដ៏សមសួនមួយសម្រាប់យកទៅសម្ដែងធម៌ទេសនាប្រចាំសប្ដាហ៏ នៅចំពោះមុខពុទ្ធបរិស័ទ ដែលតែងតែចូលមកស្ដាប់យ៉ាងច្រើនកុះករនោះផងដែរ។ តែខ្លឹមសារអត្ថបទទេសនានោះ ព្រះអង្គមិនសូវយកតាមគម្ពីរព្រះពុទ្ធសាសនាទាំងដុលទេ គឺព្រះអង្គបានបញ្ចេញបញ្ចូលនូវរឿងដំណាលផ្សេងៗ ដែលទាក់ទិននឹងព្រះពុទ្ធសាសនានៅប្រទេសនានាដូចជា ព្រះសង្ឃ ព្រះពុទ្ធសាសនានៅទីក្រុងទីបេត៍ ប្រទេសចិន ជាដើម។


រាល់ព្រះរាជសកម្មភាពទាំងអស់របស់ព្រះអង្គ តាំងពីការគ្រងស្បងចីវរ ការកោរចិញ្ចើម ការនិមន្ដទៅណាមកណាដោយជើងទទេ (អត់មានពាក់ស្បែកជើង) ការនិមន្ដបិណ្ឌបាត្រជាមួយព្រះអង្គដទៃទៀតនៅក្នុងទីក្រុង ធ្វើឲ្យមានការចាប់អារម្មណ៏ទាំងនៅក្នុង និងក្រៅប្រទេស។ កាសែតបរទេសជាច្រើនបានចុះផ្សាយរូបថតព្រះអង្គជាព្រះសង្ឃនោះ និងធ្វើអត្ថាធិប្បាយតាមការយល់ឃើញរបស់ពួកគេនៅលើទំព័រកាសែតរៀងៗខ្លួន ស្ដីពីព្រះមហាក្សត្រខ្មែរមួយអង្គ បានសាងផ្នួសក្នុងព្រះពុទ្ធសាសនា ដែលធ្វើឲ្យពុទ្ធបរិស័ទទាំងឡាយនៅក្នុងទ្វីបអាស៊ី មានការភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង។

ចំណែកប្រជារាស្រ្ដខ្មែរនៅទូទាំងប្រទេស ក៏កាន់តែបង្ហាញនូវសមានចិត្តជ្រះថ្លា និងគោរពព្រះអង្គខ្លាំងក្លាជាងមុនទៅទៀត។ ឯពួកប្រជាធិបតេយ្យវិញ ក៏មិនដើរបញ្ច្រាស់ខ្យល់នេះដែរ គឺពួកគេតែងតែនាំគ្នាចូលមកក្រាបបង្ខំព្រះមហាក្សត្រនៅក្នុងព្រះវិហារព្រះកែវមរតក ដើម្បីស្ដាប់ព្រះអង្គសម្ដែងធម៌ទេសនា ជាប់ជាប្រចាំនឹងគេដែរ៕