រាជធានីភ្នំពេញ ៖ ទីបំផុត ម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ជាឃាតករសម្លាប់ស្រ្តីរងគ្រោះជាអ្នកចងការប្រាក់ ហើយត្រូវកម្លាំងនគរបាល ធ្វើការឃាត់ខ្លួននាំទៅសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។
ស្ត្រីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ ហើយបាត់បង់ទ្រព្យសម្បត្តិដែលនៅជាប់នឹងខ្លួនមួយចំនួនផងដែរ។ ចំណែក ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង គឺជាម្តាយបង្កើតរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា។

លោក ម៉េង វិមានតារា ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ពីដំណើររឿងនៃឃាតកម្មនេះថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០នាទីយប់ ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ឈ្មោះ ស៊ិន ស្រីនាង ដោយពួកគេទាំង២នាក់ មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះ ពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា ក៏ខឹងនិងប្រចណ្ឌ សង្ស័យជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត ពេលនោះ ជនសង្ស័យបានទារលុយចំនួន១៥០០០ដុល្លារ ដែលខ្លួនឲ្យយកទៅរកស៊ីចងការពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យ ទើបកើតមានជម្លោះប្រតាយប្រតប់គ្នា។

ប្រភពបន្តថា ពេលនោះ ជនរងគ្រោះមានអាការៈទន់ដៃជើង ដូចមនុស្សស្រវឹងស្រាជោកជាំ ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។ លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១ និង៤០នាទីរសៀល ទើបជនសង្ស័យបានឲ្យក្រុមគ្រួសារ មករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។

បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យ លើសាកសពជនរងគ្រោះ ឃើញមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម ។ បន្ទាប់មក សមត្ថកិច្ច ធ្វើការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនស្រ្តីសង្ស័យ នាំមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕