តេហេរ៉ង់៖ តាមការចេញផ្សាយដោយសារព័ត៌មានCNN នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ នេះក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាចុះផ្លួវធ្វើបាតុកម្មតវ៉ា នៅថ្ងៃសៅរ៍ចុងសប្ដាហ៍  ក្រោយរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ ទទួលស្គាល់ថា ខ្លួនគឺជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ដែលបានផ្ដាច់ជីវិតមនុស្សជិះនៅលើទីនោះទាំងអស់ ១៧៦នាក់ ដោយអចេតនា ។

ក្រុមបាតុករបានប្រមូលផ្ដុំគ្នា នៅខាងក្រៅច្រកទ្វារសាកលវិទ្យាល័យ Amir Kabir University ស្ថិតនៅក្បែរអតីតស្ថានទូតអាមេរិក ប្រចាំទីក្រុងតេហេរ៉ង់ ដើម្បីថ្កោលទោស រដ្ឋាភិបាល និងអាជ្ញាធរអ៉ីរ៉ង់ ដែលធ្លាប់កុហុកថាយន្ដហោះដឹកអ្នកដំណើរខាងលើធ្លាក់ដោយសារបញ្ហាបច្ចេកទេស។ នៅក្នុងវីដេអូមួយ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ក្រុមបាតុករមួយចំនួន ក៏បានស្រែកទាមទារឱ្យមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ចុះចេញពីតំណែងផងដែរ ហើយយកអ្នកទទួលខុសត្រូវលើការបាញ់ទម្លាក់ យន្ដហោះនេះមកកាត់ទោសតាមផ្លូវច្បាប់។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ អាជ្ញាធរប៉ូលិសបានបំបែកហ្វូងបាតុករ ដែលព្យាមយាមចូលទៅក្នុងសាកលវិទ្យាល័យ និងបិទផ្លូវសំខាន់ៗ។ ប៉ុន្តែ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកត្រូវចាប់ខ្លួន ឬអ្នកស្លាប់ និងអ្នករងរបួសនៅឡើយទេ។

គួររំលឹកដែលថា​ ករណីធ្លាក់យន្ដហោះ Boeing 737-800 បានកើតឡើងនារសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ ក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សអស់ ១៧៦ នាក់ផងដែរ ៕