អ៊ីរ៉ង់៖​ នៅព្រឹកថ្ងៃសៅរ៍ទី ១១ ខែមករា ឆ្នាំ២០២០ ក្រោយពីយោធាអ៊ីរ៉ង់បានទទួលស្អាល់ថា ខ្លួនពិតជាបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនមែន ប៉ុន្តែដោយអចេតនាប៉ុណ្ណោះ មុននេះបន្តិចស្រាប់តែប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី​ បានចេញមុខសូមអភ័យទោសជាផ្លូវការចំពោះករណីបាញ់ទម្លាក់យន្តហោះក្រុមហ៊ុនអាកាស​ចរណ៍អ៊ុយក្រែនដែលបានសម្លាប់ជីវិតមនុស្សអស់ ១៧៦នាក់កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០កន្លងទៅ។​​

ជាមួយគ្នានេះដែរ លោក ហាសាន់ រ៉ូហានី បានបង្ហោះសារសុំអភ័យទោសចំពោះការបង្កឲ្យមានសោកនាដកម្មដែលមានមនុស្សស្លាប់អស់ ១៧៦នាក់។ លោកបានបញ្ជាក់ថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ពិតជាមានការសោកស្តាយពេកក្រៃចំពោះកំហុសដ៏ធំធេងនេះ។

«ការគិតគូរ និងការបួងសួងរបស់ខ្ញុំ សូមផ្ញើជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងចូលរួមរម្លែកទុក្ខអស់ពីចិត្តចំពោះក្រុមគ្រួសារជនរងគ្រោះដែរ»។ លោក រ៉ូហានី និយាយបែបនេះតាមគណនី Twitter ផ្លូវការរបស់ខ្លួន។
ក្នុងនាមជាប្រមុខរដ្ឋ លោកសន្យាថា​ អ៊ីរ៉ង់នឹង​កំណត់មុខអ្នកទទួលខុសត្រូវចំពោះកំហុសឆ្គងដែលបង្កឲ្យមានសោកនាដកម្មធំធេងនេះដែរ។  លោកនិយាយដូច្នេះ៖ «ការស៊ើបអង្កេតផ្ទៃក្នុងកងទ័ពអ៊ីរ៉ង់បានបញ្ជាក់ថា ជាការសោកស្តាយដែលមីស៊ីលបាញ់ចេញដោយសារកំហុសឆ្គងរបស់មនុស្សបានបណ្តាលឲ្យមានសោកនាកម្មធ្លាក់យន្តហោះសម្លាប់មនុស្ស ១៧៦នាក់។ ការសើបសង្កេតបន្តកំណត់ និងរកមុខអ្នកទទួលខុសត្រូវចំពោះករណីសោកនាដកម្មដ៏ធំ និងកំហុសមិនអាចអត់ឱនឲ្យបាន» ៕