ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
ព្រះមហាក្សត្រនរោត្តម សីហនុ បានរម្លឹកថា បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដី មិនបានប៉ុន្មានខែផង ជីវភាពរស់នៅរបស់គ្រួសារព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានស្ទុះឡើងខ្ពស់ត្រដែត។ មិនតែប៉ុណ្ណោះ ទ្រង់បានស្នើសុំឲ្យព្រះមហាអង្គប្រគល់ព្រះរាជដំណាក់ព្រះអង្គមួយនៅក្រុងកែប និងព្រះរាជដំណាក់ព្រះអង្គមួយទៀតនៅទន្លេបាទី ខេត្តតាកែវ ដែលព្រះអង្គទុកសម្រាប់ព្រះមហាក្សត្រក្រោយៗទៀតនោះ ដើម្បីទ្រង់យកទុកធ្វើជាកន្លែងសម្រាប់សម្រាក លំហែកាយផ្ទាល់ខ្លួនទៀតផង។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស បានរៀបអភិសេកជាមួយ នាង Dominique Laverne ជាស្ត្រីបារាំង និងជាសកម្មជននៃគណបក្សសង្គមនិយមបារាំង និងមានបុត្រី២អង្គ គឺ ស៊ីសុវត្ថិ កន្ធារ៉ា (កើតឆ្នាំ១៩៤៥ ) និង ស៊ីសុវត្ថិ លីណានដា (កើតឆ្នាំ១៩៤៦ )។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅឆ្នាំ១៩១៣ នៅរាជធានីភ្នំពេញ ។ ព្រះបិតា នាម ចំរើន វង្ស ត្រូវជាចៅព្រះអង្គ ភឹម ព្រះមាតានាម យុភិផន ជាចៅព្រះមហាក្សត្រស៊ីសុវត្ថិ ។ ព្រះអង្គបានសិក្សាថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅភ្នំពេញ និងព្រៃនគរ។
បន្ទាប់មក ព្រះអង្គបានសិក្សាកម្រិតឧត្ដមសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ MONTPELLIER ស្រុកបារាំង។ ព្រះអង្គបានទទួលសញ្ញាបត្រ “បណ្ឌិតរដ្ឋគណិតវិទ្យា” នៅឆ្នាំ១៩៤១៕