ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានអង្គុយព័ទ្ធវង់ផឹកស៊ីជាមួយបនភឿនឡើងស្រវឹងជោកជាំហើយ មិនព្រមត្រឡប់មកដេកផ្ទះត្រឹមត្រូវទេ បែរជាទៅដេកលើផ្លូវដែក លុះមានខ្សែរថភ្លើងបើកឆ្លងកាត់ ក៏កិនស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ស្ថិតក្រុមទី២២ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ។
យុវជនរងគ្រោះដែលស្រវឹងស្រាទៅដេកលើផ្លូវរថយន្តភ្លើង ហើយត្រូវរថភ្លើងកិនស្លាប់នេះ មានឈ្មោះឈួន ចាន់ធូ អាយុ១៨ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះបានផឹកស្រាឡើងស្រវឹង ហើយបានដើរមកដេកលើផ្លូវរថភ្លើងយ៉ាងរំភើយ លុះមកវេលាកើតហេតុមានរថភ្លើងមួយខ្សែមកដល់ ក៏កិនជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករថភ្លើងបានបើកបន្តដំណើរទៅមុខទៀតបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើកំណត់ហេតុប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថភ្លើងបង្កហេតុ សមត្ថកិច្ចមិនដឹងជាទៅរកនៅឯណា ដើម្បីធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះឡើយ​ ៕