បាងកក ៖ ក្រុម​មន្ត្រី បាន​និយាយ​ថា វីរុស​មិន​ស្គាល់​អត្តសញ្ញាណ​ថ្មី​មួយ​កំពុង​បង្ក​ការ​ផ្ទុះ​ឡើង នៃ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ចិន ជា​ហេតុ​នាំ​អោយ​អាជ្ញាធរ​ថៃ និង​សឹ​ង្ហ​បុរី កំពុង​បង្កើន​ការ​ត្រួតពិនិត្យ​តឹង​រឹង​ជាង​មុន​ខ​ចំពោះ​ភ្ញៀវ​ទេសចរ​ចិន ដែល​មក​ពី​ទីក្រុង វូ​ហាន បន្ទាប់​ពី​មានការ​ឆ្លង​ជំងឺ​រលាក​សួត​យ៉ាង​ចម្លែក ប្រហាក់ប្រហែល​នឹង​រោគ SARS ដែរ ។​

​ប្រទេស​ថៃ​ជា​ប្រទេស​ទី​៣​ហើយ បន្ទាប់​ពី​ប្រទេស​សឹ​ង្ហ​បុរី និង​ហុងកុង បាន​សម្រេច​ដាក់​ក្រុម​ត្រួតពិនិត្យ​សុខភាព​សម្រាប់​អ្នកដំណើរ​មក​ពី​ទីក្រុង វូ​ហាន ប្រទេស​ចិន ។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៨ មក​រា ២០២០​នេះ​ថា ជំងឺ​រលាក​សួត​ជាង​៥០​ករណី នៅ​ទីក្រុង​វូ​ហាន ក្នុង​ប្រទេស​ចិន អាច​បណ្តាល​មក​ពី​ក្រុម​វីរុស​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី វា​មិនមែន​ជា​ជំងឺ SARS ដែល​ធ្លាប់​កើត​នៅ​ចិន និង​រោគ​សញ្ញា​ផ្លូវដង្ហើម​ជំងឺ MERS នៅ​មជ្ឈិមបូព៌ា​នោះ​ទេ ។​

​យោង​ទៅ​តាម​មន្ត្រី​សុខាភិបាល​ក្នុង​ទីក្រុង​វូ​ហាន បានអោយ​ដឹង​ថា ជំងឺ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​ធ្វើ​អោយ​មនុស្ស​រាប់​សិប​នាក់ នៅ​ក្នុង​ទីក្រុង​វូ​ហាន Wuhan ប្រទេស​ចិន ធ្លាក់ខ្លួន​ឈឺ​ភ្លាម​ៗ ។​

​ក្រុម​មន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជំងឺ​អាថ៌​កំបាំង​នេះ មិនមែន​ជា​រោគ​សញ្ញា​ផ្លូវដង្ហើម ជំងឺ​(MERS) នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​ជំងឺ SARS ផ្តាសាយ​បក្សី ឬ​ជំងឺ adenovirus ទេ ។​

​គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​៥ ខែមករា មនា​មនុស្ស​៥៩​នាក់ នៅ​ទីក្រុង​វូ​ហាន ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ ឃើញ​ថា​មាន​ផ្ទុក​វីរុស​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ដោយ​មាន​អាកា​រៈ​ក្តៅខ្លួន ឈឺខ្លួន ពិបាក​ដកដង្ហើម និង​រង​របួស​សួត​។​

​បើ​តាម​របាយការណ៍​កាលពី​ស​ប្តា​ហ៍​មុន ចំនួន​អ្នក​ឆ្លង មាន​៤៤​ករណី ។ លើស​ពី​នេះ​ទៀត មនុស្ស​ចំនួន ២១​នាក់ ដែល​បាន​មក​លេង​ទីក្រុង​វូ​ហាន នា​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ទីក្រុង​ហុងកុង ។​

​នាយកដ្ឋាន​សុខាភិបាល និង​អាជ្ញាធរ​ទីក្រុង​វូ​ហាន​នេះ បាន​និង​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ស្វែងរក​អ្នកដំណើរ​ដែល​មាន​គ្រុនក្តៅ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ និង​តាម​ប្រព័ន្ធ​ផ្លូវដែក​ល្បឿន​លឿន​របស់​ខ្លួន ។​

​ចំណែក​អាជ្ញាធរ​សុខាភិបាល​ក្នុង​ប្រទេស​សិង្ហ​បុរី​វិញ ក៏​កំពុង​ប្រុង​ប្រយ័ត្ន ចំពោះ​អ្នកដំណើរ ដែល​ឆ្លង​មេរោគ ព្រោះថា​ថ្មី​ៗ​នេះ បើ​យោង​តាម​ក្រសួងសុខាភិបាល​សិង្ហ​បុរី បានអោយ​ដឹង​ថា ក្មេង​ស្រី​វ័យក្មេង​ម្នាក់ មាន​អាការ​ក្តៅខ្លួន​ខ្លាំង បន្ទាប់​ពី​នាង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វូ​ហាន ក្រោយមក​នាង​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​មេរោគ​មួយ​ប្រភេទ ប៉ុន្តែ​មិន​ស្គាល់​អត្តសញ្ញាណ​នៃ​វិ​រុស​នេះ ៕