រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មានបុគ្គលិកណាហ្គាវើលដ៍ (Naga World) ជាច្រើននាក់ បានប្រមូលផ្ដុំគា្ន ធ្វើការតវ៉ា ដើម្បីទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារមួយចំនួនទៀត។
លក្ខខណ្ឌដែលបុគ្គលិកទាមទាររួមមានដូចជា៖ ឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ។ អនុញ្ញាតឲ្យកម្មករឈប់សម្រាកតាម គោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ, បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ និងដំឡើងប្រាក់ឈ្នួល៣០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង៥០០ដុល្លារសម្រាប់បុគ្គលិកផ្នែកកាស៊ីណូជាដើម។

ពាក់ព័ន្ធនឹងករណីនេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាត់ចែងបណ្តោះអាសន្នមួយ ដើម្បីទប់ស្កាត់ស្ថានការណ៍ ដោយសម្រេចដូចតទៅ៖ ទី១- ផ្អាកការធ្វើកូដកម្មដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងប្រព្រឹត្តចាប់ពីថ្ងៃទី០៩ ខែមករាឆ្នាំ២០២០ តទៅជាបណ្តោះអាសន្ន។ ទី២- កម្មករនិយោជិតដែលធ្វើកូដកម្ម ចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ តទៅ ត្រូវចូលធ្វើបំពេញការងារតាមវេន ពេលវេលា និងតួនាទីរបស់ខ្លួន ។ និងទី៣- កំណត់ថា កម្មករនិយោជិត នៅតែបន្តធ្វើកូដកម្មដោយផ្ទុយនឹងខ្លឹមសារនៃសេចក្តីសម្រេចទី១ និងទី២ ខាងលើនេះ ត្រូវកំណត់គុណវុឌ្ឈិថាជាកូដកម្មខុសច្បាប់ និងត្រូវចាត់ទុកជាកំហុសធ្ងន់ធ្ងរ។ តាមដីកាសម្រេចចាត់ចែងចែង។

តែយ៉ាងណា គេនៅទាន់ដឹងថា ការប្រមូលផ្តុំរបស់បុគ្គលិកណាហ្គាវើលដ៍ ខាងនេះ មានដំណោះស្រាយបែបណាទេ៕