ខេត្តព្រះសីហនុ៖ យុវជនទំនើងម្នាក់បើកបរក្នុងស្ថានភាពស្រវឹងជោគ បើករថយន្តបុកយុវតី២នាក់ បណ្ដាលស្លាប់មន្ត្រីយោធាបម្រើការងារនៅសាលាកងទ័ពជើងទឹករាម ម្នាក់ និងរបួសធ្ងន់ម្នាក់ អត់មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួន ត្រូវបានបក្ខពួកមកដឹកជម្លៀសចេញពីកន្លែងកើតហេតុទៅបាត់ ។


ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២០ នៅតាមឆ្នេរសមុទ្ររាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់។
យុវជនទំនើងដែលស្រវឹងជោគ ហើយបើករថយន្តបុកយុវតី២នាក់ ឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នោះ គឺជាអតីតបុគ្គលិកធនាគារមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ បើកបររថយន្តឡង់គ្រីស័រ៥៧០ ពណ៌ស ។
ចំណែកយុវតីរងគ្រោះដល់អាយុជីវិត គឺជាកូនស្រីរបស់មន្ត្រីយោធាបម្រើការងារជាចុងភៅ នៅសាលាកងទ័ពជើងទឹករាម។


ក្រោយពេលកើតហេតុ យុវជនទំនើងដែលបើករថយន្តបង្ក ត្រូវបានបក្ខពួកមកដឹកជម្លៀសចេញពីកន្លែងកើតហេតុភ្លាមៗ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅមិនទាន់បាននាំខ្លួនយុវជនទំនើងនោះ មកចាត់ការតាមច្បាប់នៅឡើយទេ។
សាច់ញាតិយុវតីរងគ្រោះ បានស្នើឲ្យសមត្ថកិច្ចនគរបាល, កម្លាំងកងរាជអាវុធហត្ថ ជាពិសេសមន្ត្រីសាលាដំបូងខេត្តព្រះសីហនុ ជួយរកយុត្តិធម៌ និងជួយនាំខ្លួនជនបង្ក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ ៕