បរទេស៖ រដ្ឋ​New​ South​ Wales​ នៃ​សហព័ន្ធ​អូ​ស្ដ្រា​លី ​គ្រោង​ប្រកាស​ភាព​អាសន្ន​នា​ថ្ងៃស្អែក​ បន្ទាប់ពី​ភ្លើង​ឆេះ​ព្រៃ​បន្ត​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ និង​ស្រប​ពេល​ដែល​រលក​កម្ដៅ​កាន់តែ​កើនឡើង​។

នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​ New​ South​ Wales​ លោកស្រី​ Gladys​ Berejiklian​ បាន​ថ្លែង​ក្នុង​សន្និសី​ទសារ​ព័ត៌មាន​នៅ​ព្រឹក​នេះ​ថា​ លោកស្រី​នឹង​ដាក់​រដ្ឋ​ស្ថិត​ក្នុង​ភាព​អាសន្ន​នា​ថ្ងៃស្អែក​វេលា​ម៉ោង៩ព្រឹក​ ដើម្បី​បើក​ឱ្យ​ក្រុមសង្គ្រោះ​ធ្វើការ​បាន​ច្រើន​ និង​ការពារ​ទ្រព្យសម្បត្តិ​ ក៏ដូចជា​អាយុជីវិត​របស់​ពលរដ្ឋ​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស​ BBC​ News​ ឱ្យ​ដឹង​ថា ​គិត​ចាប់តាំងពី​ភ្លើង​ឆេះ​ព្រៃ​ឆាបឆេះ​នៅ​អូ​ស្ដ្រា​លី​តាំងពី​ខែកញ្ញា​ឆ្នាំមុន​មកដល់ពេលនេះ​ បាន​សម្លាប់​មនុស្ស១៨នាក់​ និង​បំផ្លាញ​ផ្ទះសំបែង​ជាង១២០០ខ្នង​។

មនុស្សជា​ច្រើន​ពាន់​នាក់​បាន​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​ទៅកាន់​តំបន់​ភៀសខ្លួន​ទេសចរណ៍​ នៅ​រដ្ឋ​ New​ South​ Wales​ ខណៈ​ដែល​ជំនួយ​កាន់​តិច​ទៅ​នៅ​តំបន់​ដែល​ត្រូវ​ភ្លើង​កាត់ផ្ដាច់​ផ្លូវ​មួយចំនួន​ ដែល​ការ​ភៀសខ្លួន​នេះ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ការផ្លាស់ប្ដូរ​ទីលំនៅ​ដ៏​ធំជាង​គេ​បំផុត​ដែល​មិនធ្លាប់​មាន​ពីមុន​មក ​​៕