ភ្នំពេញ៖ សិស្សសាលាជាទំពាំងស្អុយវ័យក្មេងម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បែកគំនិតធ្វើជាចោរឆក់ទូរស័ព្ទបុរសជនជាតិស្បែកខ្មៅម្នាក់កំពុងជិះឡំប្រឺតាជាមួយប្រពន្ធបានសម្រេច ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ដេញតាមក្របួចជាប់ម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ករណីឆក់ទូរស័ព្ទបុរសជនជាតិបរទេសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខផ្ទះសំណាក់យីហោ”សុភមង្គល” ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ជនសង្ស័យសិស្សសាលាជាទំពាំងស្អុយដែលឃាត់ខ្លួនបាននោះ ឈ្មោះ លី តាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅផ្ទះ២១៣ ផ្លូវលំ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ។ ចំណែកបក្ខពួកម្នាក់ដែលរត់គេចខ្លួនបាត់នោះ ឈ្មោះ ស៊ី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះឈ្មោះមិនស្គាល់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិបរទេសស្បែកស (មិនបានដាក់ពាក្យបណ្តឹង) ។


ឮមុនពេលកើតហេតុ ជនរងគ្រោះជាជនជាតិបរទេសស្បែកស រួមជាមួយប្រពន្ធ បានជិះឡំប្រឺតាមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ពីទិសខាងជើងទៅទិសខាងត្បូង ។ ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យឈ្មោះលី តាន ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ស៊ី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IC-7271 មកពីក្រោយ ហើយជនសង្ស័យឈ្មោះ លី តាន ដែលជាអ្នកបើកម៉ូតូ បានបើកទៅអែបខាងឆ្វេងជនរងគ្រោះ រួចជនសង្ស័យឈ្មោះស៊ី ដែលអង្គុយពីក្រោយ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេចតែម្តង ។ តែភ្លាមៗនោះ ជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលកំពុងល្បាតឃើញ បានជួយធ្វើអន្តរាគមន៍តាមចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះលី តាន រួមជាមួយម៉ូតូដែលជិះធ្វើសកម្មភាពយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ តែម្តង ។ រីឯជនសង្ស័យម្នាក់ឈ្មោះ ស៊ី បានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះជាជនជាតិបរទេសស្បែកស បានដណ្តើមយកទូរស័ព្ទរបស់ខ្លួនវិញ រួចក៏ជិះឡំប្រឺតាបន្តដំណើរទៅមុខទៀតបាត់ ដោយពុំបានដាក់ពាក្យបណ្តឹងអ្វីនោះទេ ។
ជនសង្ស័យឈ្មោះ លី តាន់ ត្រូវសមត្ថកិច្ចជំនាញសួរចម្លើយ ដើម្បីស្រាវជ្រាវរកបក្ខពួកដែលបានរត់គេចខ្លួន និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក រួចកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕