ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

ក្រោយពីទ្រង់នរោត្តម ម៉ុងតាណា ប្រធានគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន ទូលព្រះមហាក្សត្រសីហនុ ថា ពួកប្រជាធិបតេយ្យមិនមែនមានចិត្តជាអ្នកកីឡាទេ ពួកគេបានបំភ័ន្តបោកបញ្ឆោតប្រជារាស្ត្រ ដោយភូតកុហកថា ព្រះមហាក្សត្របានអំពាវនាវឲ្យប្រជារាស្ត្របោះឆ្នោតឲ្យគណបក្សរបស់ពួកគេ ទើបបានជាពួកគេទទួលជ័យជន្នះច្រើនសន្ធឹកសន្ធាប់យ៉ាងដូច្នេះ។
ពេលឮពាក្យទូលពិតរបស់ទ្រង់ម៉ុងតាណា យ៉ាងដូច្នេះ ព្រះមហាក្សត្រសីហនុ គ្រាន់តែនឹកនៅក្នុងព្រះទ័យថា បញ្ហាឃោសនានេះពួកអ្នកនយោបាយទាំងអស់គួរតែដឹងថា ក្នុងរបបលិទ្ធប្រជាធិបតេយ្យ គេត្រូវប្រើគ្រប់យុទ្ធសាស្ត្រ គ្រប់យុទ្ធវិធី ទាំងការពិត ទាំងការមិនពិត សុទ្ធតែត្រូវបានអនុញ្ញាត ដើម្បីទាក់ទាញយកការគាំទ្រ។
ព្រះមហាក្សត្រសីហនុ ឈ្វេងយល់ថា ការធ្វើប្រទេសកម្ពុជាឲ្យទៅជាប្រទេសប្រជាធិបតេយ្យមួយដែលបារាំងចង់បាននោះ គឺពុំមែនឲ្យមានការបង្កើតគណបក្សនយោបាយឡើង ដោយពឹងផ្អែកទៅលើប្រជារាស្ត្រទាំងស្រុងនោះទេ ការពិតរបបគ្រប់គ្រងនៅកម្ពុជា គឺនៅតែជារបបរាជាធិបតេយ្យ ដដែល។
ពេលនោះមិនថាប្រជារាស្ត្រទេ សូម្បីតែពួកអ្នកដែលនៅក្នុងឆាកនយោបាយយ៉ាងសកម្មនោះ ក៏នៅតែប្រមូលផ្តុំជុំវិញមេកើយរបស់ពួកគេរៀងខ្លួន និងធ្វើការវាយប្រហារគ្នាទៅវិញទៅមកដែរ។
ព្រះអង្គម្ចាស់មុនីរ៉េត និងក្រុមរបស់ទ្រង់បានថ្លែងប្រឆាំងថា ប្រជាធិបតេយ្យូបនីយកម្មនេះ គឺជារបស់ពួកអ្នកបោកប្រាស់ប៉ុណ្ណោះ ហើយទ្រង់យល់ថា ប្រជាធិបតេយ្យបែបនេះនឹងផ្តើមឲ្យមានអនាធិតេយ្យូបនីកម្ម នៅក្នុងព្រះរាជណាចក្រកម្ពុជា ទៅវិញទេ។

ព្រះមហាក្សត្រនរោត្តម សីហនុ

ព្រះមហាក្សត្រនសីហនុ ឈ្វេងយល់ថា ការពិតទៅ ក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ នាពេលនោះ គឺបានត្រឹមតែបង្កជម្លោះ បែកបាក់គ្នាមួយដែលមិនសូវមានកិត្តិយសប៉ុន្មានរវាងរាជវង្សទាំង៣អង្គ គឺទ្រង់យុត្តិវង្ស ទ្រង់នរិន្ទជេត និងទ្រង់ម៉ុងតាណា ដែលឈ្លោះដណ្តើមគ្នានូវកម្ទេចកម្ទីនៃអំណាចមួយដែលបារាំង ទុកឲ្យព្រះមហាក្សត្រសីហនុ មួយចំណែកតូចតែប៉ុណ្ណោះ ខណៈដែលបារាំង រក្សាទុកអំណាចដ៏ធំសម្បើមសម្រាប់ខ្លួនឯងនោះ។
តែទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលដែលមានទ្រង់់យុត្តិវង្ស ជាប្រមុខនោះ បានចាប់ផ្តើមធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ ដែលហួសសម័យនោះបានខ្លះៗដែរ និងបានបង្កើតរចនាសម្ព័ន្ធផ្សេងៗ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនទាន់សម័យ ហើយថាខ្លួននឹងធ្វើការងារដឹកនាំប្រទេសដោយមិនចំណុះនរណាឡើយ។

ព្រះមហាក្សត្រនរោត្តម សីហនុ

ជាជាងបង្កឲ្យមានសង្គ្រាមបង្ហូរឈាម រាជរដ្ឋាភិបាលនេះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់បារាំង ដឹងខ្លួនថា បារាំងមិនស្ថិតនៅក្នុងប្រទេសកម្ពុជា បានជារៀងរហូតទេ ដរាបណាសង្គ្រាមនៅតែបង្កការវឹកវរនៅប្រទេសវៀតណាមនោះ។ ពួកប្រជាធិបតេយ្យបានផ្សព្វផ្សាយនូវជម្រើសពីរ បង្ហាញទៅប្រទេសបារាំង ថា ទី១.សុខចិត្តប្រគល់ឯករាជ្យមកដល់ពួកខ្លួន គឺពួកបញ្ញវនុ្ត ពួកវីរជនកំពុងកាន់អំណាចនៅពេលនេះ ? ឬទី២ នៅទីបំផុត ត្រូវបង្ខំចិត្តប្រគល់ឯករាជ្យឲ្យពួកបះបោរ ដែលកំពុងប្រយុទ្ធតស៊ូនៅក្នុងព្រៃ ក្រោយពីការធ្វើសង្គ្រាមបង្ហូរឈាមនោះ?៕