ខេត្តព្រៃវែង៖ ដោយសារបាំងនឹងម៉ូតូរ៉ឺម៉កមួយគ្រឿងដឺកអីវ៉ាន់សំពីងសំពោង ម៉ូតូមួយគ្រឿងម៉ាក ហុងដា បានជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀត ម៉ាកនិច បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ ០២នាក់រងរបួសធ្ងន់ និង០៣នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវក្រាលកៅស៊ូ រវាងម៉ូតូនិងម៉ូតូ ស្ថិតនៅភូមិមេលោងត្បូង ឃុំព្រៃស្នៀត ស្រុកពារាំង ។

មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C 6137 បើកបរដោយឈ្មោះមោក រ៉ា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្លា ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង មានអ្នករួមដំណើរជាមួយចំនួន០៣នាក់ ៖ ១-ឈ្មោះ ព្រំ សារិន ភេទស្រី អាយុ៥៧ឆ្នាំ (ត្រូវជាម្តាយអ្នកបើកបរ) ២-ឈ្មោះ គង់ សារី ភេទស្រី អាយុ៤១ឆ្នាំ(ត្រូវជាបងថ្លៃអ្នកបើកបរ) និង៣- ឈ្មោះ មោក នីកា ភេទស្រី អាយុ៥ឆ្នាំ (ត្រូវជាកូនអ្នកបើកបរ) បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយសារបាំងនឹងម៉ូតូរ៉ឺម៉កមួយគ្រឿងដឺកអីវ៉ាន់សំពីងសំពោង បានជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀត (បើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូង) ម៉ាក និច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV 5989 អ្នកបើកបរឈ្មោះ សាត ស្នា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ។ ដោយមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ សេង គាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិគល់រាំង ឃុំព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលឱ្យមនុស្ស០១នាក់ស្លាប់ ០២នាក់រងរបួសធ្ងន់ និង០៣នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតធ្ងន់ដូចគ្នា ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅវាស់វែង រីឯជនរងគ្រោះទាំង០៥នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។ រីឯសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕