ខេត្តតាកែវ ៖ ក្មេងស្រីក្រីក្រម្នាក់ បានខិតខំរៀនសូត្រណាស់ រហូតក្លាយជាសិស្សពូកែប្រចាំសាលា ដែលចំណុចអស្ចារ្យនេះ កូនអ្នកមានមិនអាចធ្វើបានដូចនាងទេ។ ប៉ុន្តែដោយសារកត្តាជីវភាពខ្វះខាតខ្លាំង នាងត្រូវបង្ខំចិត្តឈប់រៀន ដើម្បីធ្វើការនៅភ្នំពេញ រកប្រាក់ជួយទ្រទ្រង់ជីវភាពគ្រួសារ ធ្វើឲ្យលោកគ្រូ-អ្នកគ្រូ និងមិត្តភក្តិ មានការសោកស្តាយចំពោះបោះបង់ការសិក្សារបស់យុវសិស្សឆ្នើមរូបនេះ តែយ៉ាងណា ក៏មានសប្បុរជនបានជួយឧបត្ថម្ភនាងជាហូរហែ ដើម្បីលើកទឹកចិត្តឲ្យនាងវិលត្រឡប់ទៅសិក្សាវិញ។


យោងតាមគណនីហ្វេសប៊ុក Ay Sînã បានបង្ហោះរូបយុវតីក្រីក្រ កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ភ្ជាប់ជាមួយនឹងសំណេរថា « ប៊ន ស្រីនាង ជាសិស្សថ្នាក់ទី10D នៃវិទ្យាល័យ ហ៊ុន សែន អង្គរបុរី ! គាត់ជាសិស្សដែលរៀនពូកែ ក្នុងខែធ្នូនេះ គាត់ជាប់លេខ២ ! ផ្ទះនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ! មករៀនរាល់ថ្ងៃ គ្មានលុយ ដើម្បីទិញអីហូបនៅសាលាទេ ដូច្នេះព្រឹកឡើងត្រូវហូបបាយកកពីផ្ទះទើបមករៀន ! ដោយសារគ្មានជីវជាតិ ខ្សោយ គ្មានកម្លាំធាក់កង់មករៀន ព្រោះផ្ទះឆ្ងាយពីសាលា ត្រូវសុំមិត្តភក្រ្តជិះជាមួយ ! ប៉ុន្មានថ្ងៃនេះ ចេះតែមិនឃើញគាត់មករៀន ខ្ញុំក៏បានសួរទៅមិត្តភក្រ្តគាត់ ពួកគេប្រាប់ថា គាត់ឈប់រៀនហើយ ព្រោះគ្រួសារក្រពេក ឪពុកម្តាយគាត់ចង់អោយគាត់ទៅភ្នំពេញទៅធ្វើការនៅយប់នេះហើយ !


បន្ទាប់ពីចេញពីរៀន ខ្ញុំបានទៅដល់ផ្ទះគាត់ហើយសួរនាំឪពុកម្តាយគាត់ ! ពួកគាត់ថាចឹងមែន គាត់អាណិតកូនដែរ តែធ្វើម៉េចគ្មានលុយទិញម៉ូតូអោយកូនជិះរៀន ព្រោះជិះកង់គាត់គ្មានកម្លាំងទេ ! ពេលជួបស្រីនាង ទឹកមុខគាត់ស្រងូតស្រងាត់ យំខ្សឹបខ្សៀវគួរអោយអាណិត ! គាត់ពិតជាចង់រៀន ហើយខ្ញុំក៏ដឹងដែរថា គាត់រៀនពូកែ ព្រោះគាត់យកចិត្តទុកដាក់រៀនណាស់ !


ខ្ញុំបានពន្យល់ឪពុកម្តាយគាត់ជាច្រើន ហើយប្រាប់ថា បើចង់អោយកូនមានអនាគតល្អ អោយគាត់ទៅរៀនវិញទៅ ហើយគាត់ក៏សន្យាថានឹងអោយកូនទៅរៀនវិញ ! ខ្ញុំនឹងរង់ចាំមើល បើគាត់មករៀនវិញមែនគឺល្អណាស់ ! ដើមទុនរបស់អ្នកក្រគឺការរៀន👩🎓👩🎓 ដើមទុនរបស់អ្នកមានគឺលុយ💸💵!»៕