ភ្នំពេញ៖ លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងគន់មិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ឃាត់ខ្លួន បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូ នេះ ដើម្បីសាកសួរករណីប្រព្រឹត្តអំពើពុករលួយ ។


លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា ពេលនេះ ខាងអយ្យការកំពុងសាកសួរតាមនីតិវិធីហើយ តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយរង់ចាំបញ្ចប់នីតិវិធីនៃការសាកសួរសិន ទើបជម្រាបជូនលទ្ធផល នាពេលក្រោយ ។
ប្រភពព័ត៌មានក្រៅផ្លូវការមួយ បានបង្ហើបប្រាប់ថា លោក គ្រុយ លឹមហេង អាយុ៤៥ឆ្នាំ ជាប់សង្ស័យពីបទបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត រំលោភអំណាច និង វិតិក្រម ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ និង ករណីមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ។
ប្រភពព័ត៌មានក្រៅផ្លូវការដដែលបន្តថា លោកគ្រុយ លឹមហេង ពាក់ព័ន្ធនឹងការបាត់សន្លឹកទិដ្ឋាការស្អិតចំនួន១៦០០សន្លឹក ការក្លែងបន្លំសន្លឹកទិដ្ឋាការស្អិតចំនួន៥០០សន្លឹក និងភាពមិនប្រក្រតីនៃការប្រើប្រាស់ថវិកាចំណាយចំណូលរបស់ស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ៕