ខេត្តកណ្តាល៖ មន្ត្រីនគរបាលរូបនេះ កំពុងបំពេញភារកិច្ចលាងផ្លូវ ត្រូវរថយន្តមួយគ្រឿងបើកមកបុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឿន រតនះ ភេទប្រុស អាយុ៣២ឆ្នាំ ពាក់សក្កិ២ ជាមន្ត្រីនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានទីលំនៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំណែករថយន្តបង្កម៉ាកហាយលែនឌ័រ ពាក់ស្លាកលេខ ខ.ម មិនចាំលេខសម្គាល់ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះត្រូវទៅបំពេញភារកិច្ចលាងផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិសង្កាត់កើតហេតុ ខណៈដែលកំពុងលាងផ្លូវសុខៗ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ ពាក់ស្លាកលេខ ខម មិនចាំលេខសម្គាល់ បើកដោយល្បឿនលឿន បានបុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុងតាខ្មៅ ចុះទៅពិនិត្យ និងកសាងសំណុំរឿងដើម្បីតាមស្រាវជ្រាវរកជនសង្ស័យដែលជាអ្នកបើកបររថយន្តបង្ក មកផ្ដន្ទាទោសតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ បានយមទៅតម្កល់ទុកនៅវត្តក្រពើហារ រង់ចាំប្រគល់ឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕