ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

ដោយក្តៅក្រហាយនឹងការធ្វើនយោបាយប្រជាភិថុរបស់ព្រះអង្គមា្ចស់ស៊ីសុវត្ថិ យុត្តិវង្ស ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជធិបតេយ្យ នោះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត បានបង្កើតកាសែតជាភាសាបារាំង មួយឈ្មោះ ក្របីព្រៃ ដើម្បីសរសេររិះគន់វាយប្រហារទៅលើរាជរដ្ឋាភិបាលទ្រង់យុត្តិវង្ស ដែលកំពុងដឹកនាំប្រទេសយ៉ាងចាស់ដៃ រហូតទ្រង់ត្រូវខ្ទាតចេញពីតំណែងប្រធានក្រុមប្រឹក្សាព្រះរាជណាចក្រ ក៏តាំងខ្លួនជាអ្នកកាសែតប្រឆាំង ដោយចំហរតែម្តង។
ចំណែកព្រះមហាក្សត្រសីហនុ ដែលមិនសប្បាយព្រះទ័យប៉ុន្មានជាមួយនឹងការក្អេងក្អាងរបស់មេដឹកនាំគណបក្សប្រជធិបតេយ្យដែរនោះ ក៏បានលួចសរសេរអត្ថបទរិះគន់វាយប្រហារទៅលើពួកប្រជាធិបតេយ្យជាសម្ងាត់ខ្លះៗដេរ តាមរយៈទំព័រកាសែតក្របីព្រៃនោះ ដោយដាក់ឈ្មោះនៅខាងក្រោមអត្ថបទថា នរោត្តម ថុល ដែលឈ្មោះថុល នេះព្រះអយ្យកោរបស់ព្រះអង្គ គឺព្រះនរោត្តម សុធារស ប្រទានឲ្យតាំងពីព្រះអង្គនៅតូចមកម្ល៉េះ ដើម្បីកុំឲ្យគេដឹងថាព្រះអង្គជាអ្នកសរសេរអត្ថបទទាំងនោះ ។

 ព្រះអង្គម្ចាស់នរោត្តម កន្តុល

ចំណែកពួកប្រជាធិបតេយ្យវិញ ក៏បានព្យាយាមស្រាវជ្រាវរកម្ចាស់អត្ថបទឈ្មោះនរោត្តម ថុល នោះណាស់ដែរ ព្រោះចង់ដឹងថា តើនរោត្តម ថុល នោះជានរណា បានជាសរសេរអត្ថបទវាយប្រហារទៅលើពួកគេ មានខ្លឹមសារស៊ីជម្រៅចំៗបញ្ហាបានល្អខ្លាំងម្ល៉េះ?។
តែពួកគេមិនមានការសង្ស័យសូម្បីបន្តិចថា ព្រះមហាក្សត្រសីហនុ ជាអ្នកសរសេរអត្ថបទទាំងឡាយ ដែលដាក់ឈ្មោះនរោត្តម ថុល នោះទេ ផ្ទុយទៅវិញ ពួកគេបែរជាសង្ស័យទៅលើព្រះអង្គម្ចាស់នរោត្តម កន្តុល ដែលជាបងប្អូនជីដូនមួយរបស់ព្រះអង្គថា ជាអ្នកសរសេរអត្ថបទទាំងឡាយ ដែលដាក់ឈ្មោះនរោត្តម ថុល នោះទៅវិញ។
ព្រះមហាក្សត្រសីហនុ និងព្រះបិតុលា មុនីរ៉េត ហាក់ដូចជាត្រូវដងត្រូវផ្លែគ្នាខ្លាំងណាស់ក្នុងការសរសេរអត្ថបទបកអាក្រាតនយោបាយបោកប្រាស់របស់មេដឹកនាំគណបក្សប្រជាធិបតេយ្យ ហើយមិនយូរប៉ុន្មាន កាសែតក្របីព្រៃនេះ បានក្លាយជាកាសែតដ៏ល្បីល្បាញមួយ ក្នុងការឆ្កិះកកាយរឿងរ៉ាវអាស្រូវ និងភាពអសកម្មនានារបស់ពួកមន្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល ដែលមានព្រះអង្គមា្ចស់ស៊ីសុវត្ថិ យុត្តិវង្ស ជានាយករដ្ឋមន្ត្រីនោះ។

ព្រះអង្គមា្ចស់ស៊ីសុវត្ថិ យុត្តិវង្ស

ចំណែកព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត ប្រធានគណបក្សសេរីភាព ដែលមាន១៤អាសនៈនៅក្នុងសភា និងព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ប្រធានគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន ដែលជាប់ឆ្នោតបាន៣អាសនៈនៅក្នុងសភាដែរនោះ ត្រូវសាធារណមតិខ្លះដាក់ឈ្មោះឲ្យទ្រង់ម៉ុងតាណា ថា មេបក្សចម្រើនជឿនលឿនតែខាងបុកប៊ីយ៉ា ដោយសារទ្រង់ចូលចិត្តលេងល្បែងបុកប៊ីយ៉ានេះ បានចូលមកទូលព្រះមហាក្សត្រសីហនុ នៅក្នុងព្រះបរមរាជវាំង ពីរឿងកើតទុក្ខមិនសុខចិត្តអំពីលទ្ធផលនៃការបោះឆ្នោតថា ពួកប្រជាធិបតេយ្យមិនមែនមានចិត្តជាអ្នកកីឡាទេ ពួកគេបានបំភ័ន្តបោកបញ្ឆោតប្រជារាស្ត្រ ដោយភូតកុហកថា ព្រះមហាក្សត្របានអំពាវនាវឲ្យប្រជារាស្ត្របោះឆ្នោតឲ្យគណបក្សរបស់ពួកគេ ទើបបានជាពួកគេទទួលជ័យជន្នះច្រើនសន្ធឹកសន្ធាប់យ៉ាងដូច្នេះ៕

ព្រះមហាក្សត្រ នរោត្តម សីហនុ