ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុស២នាក់ ទើបតែមានអាយុជាង១០ឆ្នាំសោះ តែមានចិត្តជាអ្នកមែន ដោយបានបបួលគ្នាប្រណាំងម៉ូតូ រកឃើញខ្លាំងប្រចាំភូមិ តែដឹងអី បានទាក់ដៃចង្កូតគ្នា បណ្តាលឲ្យដួល រងរបួសទាំង២នាក់ ប៊ិះក្ស័យជីវា ខំតែបានឪពុកម្តាយដឹកទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះទាន់ពេលវេលា។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចប្រឡាយចិន ខាងត្បូងភូមិថ្មី ឃុំណាំតៅ ស្រុកភ្នំស្រុក ។


សមត្ថកិច្ច បានឲ្យដឹងថា ក្មេងប្រុស ដែលប្រណាំងម៉ូតូគ្នា ហើយបានដួលរងរបួសនេះ មានឈ្មោះ ចៃ យ៉ង អាយុ១៤ឆ្នាំ បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P- 5057 របួសស្រាល និងម្នាក់ទៀតឈ្មោះ សឿន តង់ ភេទប្រុស អាយុ១៤ឆ្នាំ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០០០ ពណ៌ក្រហម គ្មានស្លាកលេខ បាក់ជើងខាងស្តាំ ។ ក្មេងទាំង២នាក់ រស់នៅភូមិថ្មី ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ បានបបួលគ្នាប្រណាំងម៉ូតូរកអ្នកខ្លាំងខាងបើកម៉ូតូលឿនប្រចាំភូមិ តែអកុសលបានប៉ះដៃចង្កូតគ្នាដួលរងរបួសទាំង២នាក់ តែម្តង ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅ ចុះទៅធ្វើការវាស់វែង និងកំណត់ហេតុ យកម៉ូតូទាំង២គ្រឿង មករក្សាទុកបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕