ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
រដ្ឋធម្មនុញ្ញ ត្រូវបានព្រះមហាក្សត្រនរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ តទៅ ហើយព្រះរាជាណាចក្រកម្ពុជា បានក្លាយពីប្រទេសដែលប្រកាន់របបសម្បូរណាជ្ញាសិទ្ធិរាជ តាំងពីការកកើតទឹកដីដំបូងជាង២០០០ឆ្នាំកន្លងមកហើយនោះ ទៅជាប្រទេសមួយដែលប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបការគ្រប់គ្រងប្រទេសដ៏ទាន់សម័យ ជំនួសវិញ។រដ្ឋធម្មនុញ្ញនោះ មានខ្លឹមសារប្រហាក់ប្រហែលគ្នានឹងរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋទី៤ របស់បារាំងដែរ ដោយអំណាចទាំងអស់ត្រូវចេញពីរដ្ឋសភា និងព្រឹទ្ធសភា គ្រាន់តែនៅកម្ពុជា មានក្រុមប្រឹក្សាព្រះរាជាណាចក្រ ជំនួសដោយព្រឹទ្ធសភាប៉ុណ្ណោះ ហើយព្រះអង្គម្ចាស់មុនីរ៉េត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាព្រះរាជាណាចក្រ។

ព្រះមហាក្សត្រនរោត្តម សីហនុ

ក្រោយពីព្រះអង្គម្ចាស់យុត្តិវង្ស ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស បានប្រហែល៣-៤ខែមក ព្រះមហាក្សត្រនរោត្តម សីហនុ បានធ្វើការវាយតម្លៃថា អ្វីៗដែលទ្រង់យុត្តិវង្ស និយាយពីផលប្រយោជន៍បស់ប្រជារាស្ត្រនោះ គឺគ្រាន់តែដើម្បីកែលម្អការផេ្ទរអំណាចពីព្រះមហាក្សត្រ មកឲ្យក្រុមរបស់ទ្រង់តែប៉ុណ្ណោះ។ នៅចំពោះមុខប្រជារាស្ត្រ រហូតនៅចំពោះព្រះភ័ក្ត្រព្រះអង្គជាព្រះមហាក្សត្រទៀតផង ទ្រង់យុត្តិវង្ស តែងតែលើកឡើងអំពីវីរភាពនយោបាយរបស់គណបក្សប្រជាធិបតេយ្យរបស់ទ្រង់ តាមរយៈការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីនេះ គឺបាញ់ឆ្ពោះទៅរកការអភិវឌ្ឍន៍ ពោលទ្រង់ត្រូវបង្កើតសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យថ្មីៗ ដែលប្រទេសជាតិកំពុងមានការខ្វះខាត។

ព្រះអង្គម្ចាស់យុត្តិវង្ស

ព្រះមហាក្សត្រនរោត្តម សីហនុ បានធ្វើការវាយតម្លៃបន្តថា ពួកប្រជាធិបតេយ្យបានអះអាងនូវឧត្តមភាពខាងប្រាជ្ញាស្មារតី និងចំណេះដឹងរបស់ពួកគេ ក្នុងការអភិវឌ្ឍន៍ទៅលើវិស័យបឋមសិក្សា និងមធ្យមសិក្សាបែបនេះ គឺមិនអាចចាត់ទុកថា ជាពួកវីរជនបានទេ។ ការពិតជោគវាសនា ពួកបញ្ញាវន្តមួយចំនួនតូចជាកូនចៅរបស់ពួកនាម៉ឺនមន្ត្រី និងពួកគហបតីធំៗដែលមានសំណាងបានទៅរៀនសូត្រនៅប្រទេសបារាំង និងស្ពាយសញ្ញាបត្រជាន់ខ្ពស់ត្រឡប់មកមាតុប្រទេសរបស់ខ្លួនវិញ ខណៈដែលវិស័យអប់រំស្ថិតក្នុងភាពអន់ខ្សោយនៅឡើយតែប៉ុណ្ណោះ៕

ព្រះអង្គម្ចាស់មុនីរ៉េត