ខេត្តកំពង់ធំ៖ កាលពីពេលថ្មីៗនេះមានការចែករំលែកនូវស្ថានភាពរបស់វិហារបុរាណមួយត្រូវបានគេស្គាល់ថា ជាវិហារចំនាស់ដែលត្រូវបានគេកសាងឡើងក្នុងអំឡុងឆ្នាំ១៩៣៣ គ.ស ដែលគិតមកដល់ពេលនេះមានអាយុកាលជាង៨៦ឆ្នាំហើយ ដែលមានទីតាំងស្ថិតនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ មានចំងាយប្រមាណ ៧គីឡូពីតំបន់វប្បធម៌ចំណាស់ ប្រាសាទសំបូរព្រៃគុហ៍។

វិហារបុរាណនេះសង់ពីឈើ ដំបូងប្រក់ក្បឿង គ្មានជញ្ជាំង ហើយនិងគ្រឹះខាងក្រោមធ្វើពីថ្ម ស្ថានភាពវិហារនៅរឹងមាំនៅឡើយ ហើយនៅក្នុងវិហារនេះគេឃើញមានរូបបដិមាព្រះពុទ្ធយ៉ាងធំសម្រាប់ធ្វើការគោរពបូជា។ តែយ៉ាងណាវិហារបុរាណនេះមានរចនាបថមិនដូចវិហារបច្ចុប្បន្នទេ ពោលគឺព្រះវិហារនៅសម័យនេះមានខឿន ជញ្ជាំង ដំបូល ព្រមទាំងមានការចម្លាក់ និងរូបគំនូររចនាយ៉ាងល្អស្អាត។ ក្រោយពីមានការចែករំលែកនេះមានមហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយអភិរក្សដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងជាប្រយោជន៍សម្រាប់ជាតិដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាផងដែរ ៕

ដោយសហការី KBN                                                                                                          ប្រភព៖​ Khmer Architectural