កម្មវិធីពិព័រណ៍សៀវភៅលំដាប់ថ្នាក់ពិភពលោក នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលមានរយៈពេលរហូតដល់ទៅ១២ថ្ងៃ គឺចាប់ពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ខាងមុខនេះ ពីម៉ោង៩ព្រឹក ដល់ម៉ោង១២យប់ ដែលមានទីតាំងផ្សាររុងរឿង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ  ហើយអ្វីដែលកាន់ពិសេសទៅទៀតកម្មវិធីនេះនិងបើកឱ្យចូលរួមដោយសេរី ។

គួររំលឹកដែលថា ពិព័រណ៍សៀវភៅ Big Bad Wolf Books គឺជាកម្មវិធីពិព័រណ៍សៀវភៅដ៏ធំមួយដែលមានដើមកំណើតនៅក្នុងប្រទេសម៉ាឡេស៊ី ។ ក្នុងរយៈពេលមួយ ទសវត្សកន្លង មកនេះ​ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះ នៅក្នុងតំបន់មួយ ចំនួននៅលើពិភពលោករួចមកហើយ ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូងនិងមជ្ឈឹមបូព៌ា ។

អ្នកចូលចិត្ដអានសៀវភៅអាចនឹងទទួលបានសៀវភៅដែលមានតំលៃសមរម្យជាមួយនឹងការបញ្ចុះតំលៃចាប់ពី 50% ទៅ 90% នៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale ដែលមានសៀវភៅជាភាសាអង់គ្លេសថ្មីៗ ល្អៗ ចំនួនដល់ទៅ ១ លានក្បាល ។

សៀវភៅជាច្រើនប្រភេទនឹងត្រូវយកមកដាក់តាំងលក់មានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅ ក្នុងជំនាន់ផ្សេងៗគ្នាអាចស្វែងរកនូវសៀវភៅ ដែលលក់ដាច់បំផុត, សៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះ ៕

ប្រភព៖ Big Bad Wolf Books