រាជធានីភ្នំពេញ៖ យោងតាមហ្វេសប៊ុក របស់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជាបានឲ្យដឹងថា ក្រុមកម្មករប្រមាណ ជា៤០នាក់ បំរើការងារ នៅរោងចក្រផលិតស្បែកជើង ឃីង ម៉េកឃើ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មេតហាធេន ក្រុងបាវិត ខេត្តស្វាយរៀង បានដួលសន្លប់តៗគ្នា ដោយមិនទាន់ដឹងមូលហេតុ នៅឡើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ។

ហ្វេសប៊ុកលោកប៉ាវ ស៊ីណាបានឲ្យដឹងទៀតថា កាលពីថ្ងៃ២១ ធ្នូ កន្លងទៅក៏មានកម្មការិនីម្នាក់ បំរើការងារនៅរោងចក្រ ឃីង ម៉េកឃើដដែលនេះ បានស្លាប់បាត់បង់ជីវិត តាមផ្លូវ ខណៈបញ្ជូនទៅមន្ទីរពេទ្យ ។ ករណី បណ្តាលឲ្យកម្មករបាត់បង់ជីវិតនេះ មកពីកម្មកររងគ្រោះ មានអាការៈមិនស្រួលខ្លួន រហូតដល់សន្លប់ ក្នុងម៉ោងការងារ ហើយខាងក្រុមហ៊ុន ខ្វះការយកចិត្តទុកដាក់ ។ ម្យ៉ាងទៀត ភាពយឺតយ៉ាវ ផ្នែករថយន្តសង្គ្រោះ ទំរាំមកដល់រោងចក្រ កម្មការិនីរងគ្រោះ ស្ថិតក្នុងសភាពធ្ងន់ធ្ងរទៅហើយ ៕