ខេត្តត្បូងឃ្មុំ៖ ក្នុងពិធីសម្ពោធផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ នៅស្រុកមេមត់ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្សារភ្ជាប់ពីជោគវាសនាអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ ដោយសម្ដេចបានប្រកាសយ៉ាងដូច្នេះថា៖ «ផ្សារនេះហៅថាផ្សារគំរូ បើផ្សារនេះបរាជ័យ ផ្សារដទៃទៀតដែលយើងត្រឹមនឹងបង្កើតឡើងវានឹងគ្មានវឌ្ឍនភាពទេ អញ្ចឹងអភិបាលខេត្តនៅកន្លែងនេះត្រូវមើលឱ្យច្បាស់កន្លែងហ្នឹង បើផ្សារហ្នឹងបរាជ័យ លោកឯងក៏មិនអាចនៅធ្វើចៅហ្វាយខេត្តបានដែរ»។


ជាមួយគ្នានេះ សម្ដេចក៍មានបំណងចង់ឱ្យផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ជាផ្សារស្អាត និងមានសណ្តាប់ធ្នាប់ ហើយត្រូវត្រួតពិនិត្យជាប្រចាំ ប៉ុន្តែមិនត្រូវឱ្យមានការរំខានប្រជាពលរដ្ឋដែលលក់ដូរទេ។ សម្តេចថ្លែងថា បើមានការរំខាន ប្រជាពលរដ្ឋនឹងបង្កើតច្រករបៀងខ្លួនឯង នោះហើយជារឿងគ្រប់គ្រងមិនបាន។ បើគ្រប់គ្រងមិនបានពួកឧក្រិដ្ឋជនធ្វើចរាចរគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗ។ សម្តេចបានស្នើឱ្យធ្វើការងារនេះឱ្យបានម៉ត់ចត់ ព្រោះរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មអំណាចរួចហើយ ដូច្នេះការគ្រប់គ្រងផ្សារនេះ ត្រូវធ្វើឡើងដោយអាជ្ញាធរខេត្ត ដោយមិនចាំបាច់ទៅដល់ក្រសួងពាណិជ្ជកម្មនោះទេ។


ផ្សារគំរូព្រំដែនកម្ពុជានេះ ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។
កូនប្រុសលោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា លោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រ ចេញ ព្រះរាជ ក្រឹត្យ តែង តាំង ជាអភិបាល ខេត្ត ត្បូងឃ្មុំ ជំនួសលោក លី ឡេង ដែលត្រូវតែងតាំងមុខតំណែងថ្មី កាលពីខែវិច្ឆិកា ឆ្នាំ២០១៨៕