ខេត្តកោះកុង៖ យោងតាមកំណត់ហេតុស្តីពីការចុះត្រួតពិនិត្យ និងអង្កេតវាយតម្លៃទីតាំងចាក់ដីលុបមាត់ព្រែកកោះប៉ោ បង្ហាញថា លោកផ្កាយ២ ទុន ដៀត ជានាយករងទីចាត់ការព្រំដែន ពិតជាមានការចាក់ដីថ្មី រំលោភច្បាប់ភូមិបាលនិង ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ប្រាកដមែន ។


កាលថ្ងៃទី២៣ ខែធ្នូ ២០១៩ លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានដឹកនាំកម្លាំងចម្រុះ និងមន្រ្តីជំនាញចុះអង្កេតពិនិត្យតាមលក្ខណៈបច្ចេកទេស ដោយរកឃើញថា ថា លោក ទុន ដៀត (ផ្កាយ២ មានតួនាទីជានាយករងទីចាត់ការព្រំដែន) បានធ្វើសកម្មភាពលួចបូមខ្សាច់ចាក់ចូលមាត់ព្រែកកោះប៉ោ ប្រវែង៤៣ម៉ែត្រ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទាំងគ្មានលិខិតច្បាប់អនុញ្ញាតពីអាជ្ញាធរ និងអង្គភាពជំនាញណាមួយឡើយ។
ក្រោយបញ្ចប់ការចុះត្រួតពិនិត្យ និងអង្កេតវាយតម្លៃមក អាជ្ញាធរក៏បានសម្រេចឲ្យលោកផ្កាយ២ ទុន ដៀត ធ្វើការកាយដី កម្ទេចថ្ម និង រុះរើផែឈើ ព្រមទាំងដកបង្គោល ចេញពីមាត់ព្រែកកោះប៉ោ ឲ្យដូចសភាពដើមពីមុនវិញ ។
លើសពីនេះទៀត លោកព្រះរាជអាជ្ញា បានបន្តផ្អាកគ្រប់សកម្មភាពទាំងឡាយ នៅចំណុចដែលមានការចាក់ដីលុបព្រែកនេះជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីតុលាការ ។


សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត កាលពីចុងសប្ដាហ៍មុន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ យ៉ាងដូច្នេះថា៖ «ខ្ញុំហាក់ដូចជាមានព័ត៌មានថា នៅខេត្តកោះកុង ក៏នៅបន្តមានការចាក់ដីចូលទៅក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត ខ្ញុំស្នើឱ្យឯកឧត្តម ជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់តើវាមានពិតទេ ហាក់ដូចជាមាននាយទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ»។


ជាមួយគ្នានេះ សម្តេចហ៊ុន សែន បានព្រមានធ្ងន់ៗថា ប្រសិនបើជារកឃើញថា នាយទាហានរូបណាពាក់ព័ន្ធនឹងការចាក់ដីចូលសមុទ្រ សម្តេចមិនអនុញ្ញាតនាយទាហានទាំងអស់នោះ ស្ថិតនៅក្នុងក្របខណ្ឌជាកងយោធពលភូមិន្ទកម្ពុជាបន្តទៀតនោះទេ។ ប្រសិនបើទុកឱ្យនាយទាហានទាំងនោះធ្វើរឿងយ៉ាងដូច្នេះ មានន័យថា ពួកអ្នកទាំងនោះនឹងក្លាយជាអ្នកបង្កើតរដ្ឋ នៅក្នុងរដ្ឋហើយ ព្រោះពួកគេមិនគោរពច្បាប់ ដូច្នេះ គឺមិនអនុញ្ញាតឱ្យមាននោះទេ៕