ខេត្តរតនគិរី ៖ រថយន្ត១គ្រឿង ដឹកទ្រុងជ្រូកគរខ្ពស់ជាងទ្រុងរថយន្តទៅទៀត ហើយបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏បុកស្លាកប៉ាន់ណូ ដែលដាក់កាត់ទទឹងផ្លូវ បណ្តាលឲ្យកោងវៀចបានដាច់ជើងប៊ូឡុងម្ខាង និងធ្លាក់ដល់ផ្លូវ ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចជើងវត្តភ្នំស្វាយ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។


សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ក ម៉ាកវេអង ក្បាលពណ៌ត្រួយចេក ពាក់ស្លាកលេខ កំពង់ចាម ៣A-៥៨១៨ កន្ទុយពាក់ស្លាកលេខ ភ្នំពេញ ៤A ១៣៥៧ (រថយន្តដឹកជ្រូក) ជារបស់ក្រុមហ៊ុនឡោម៉េងហួត(L.M.H) ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបានដឹកជ្រូកចេញពីប្រទេសថៃបានចូលមកខេត្តរតនគិរី ទៅព្រំដែនអន្តរជាតិអូរយ៉ាដាវ ហើយក្រោយពីដាក់ជ្រូកឲ្យម៉ូយរួច ក៏បានបើកត្រឡប់មកវិញ តែដោយសាររថយន្តនោះដឹកគរទ្រុងជ្រូកខ្ពស់ពីទ្រុងរថយន្តខ្លាំងពេក ក៏បានបុកស្លាកប៉ាន់ណូ បណ្តាលឲ្យរងការខូចខាតតែម្តង តែយ៉ាងណា មិនបណ្តាលឲ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ។


ប្រភពបន្តថា កម្លាំងប៉ុស្តិ៍សង្កាត់ឡាបានសៀក និងកម្លាំងនគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្ត ចុះអន្តរាគមន៍ឃាត់រថយន្តបង្ក យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕