រាជធានីភ្នំពេញ៖ បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ឃើញពស់ថ្លាន់ដ៏ធំមួយក្បាលលូនកាត់ផ្លូវ ក៍ឈប់ដើម្បីឲ្យពស់ថ្លាន់នោះលូនទៅឱ្យផុតសិន បែរជាពស់ថ្លាន់នោះលូនឡើងមកលើចង្កូតម៉ូតូកង់បីរបស់គាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ អង្គារ ៦រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៥១ នៅចំណុចក្បែរវត្តភ្នំស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។


មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GT0818 បើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ក្បែរវត្តភ្នំ ត្រង់រូបសំណាកលោកយាយដូនពេញ ស្រាប់តែមានពស់ថ្លាន់មួយក្បាលដ៏ធំបានលូនកាត់ផ្លូវ គាត់ឈប់ដើម្បីឲ្យពស់ថ្លាន់លូនទៅឱ្យផុតសិន ព្រោះខ្លាចបើកកិន ស្រាប់តែពស់ថ្លាន់នោះ បានលូនឡើងម៉ូតូកង់បីរបស់គាត់ទៅសម្ងំស្ងៀមនៅចង្កូតម៉ូតូទៅវិញ ធ្វើឱ្យម្ចាស់ម៉ូតូភ័យលស់ព្រលឹង និងធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវនាំគ្នាចោមរោមមើល ហើយនាំគ្នាជួយទាញយកពស់ថ្លាន់នោះចេញពីម៉ូតូកង់បីឥណ្ឌានោះវិញ ។ ប៉ុន្តែពស់ថ្លាន់នោះអត់ព្រមចេញទាល់តែសោះ រហូតដល់ជិតមួយម៉ោង ទើបយកចេញបាន យកទៅលែងនៅឯវត្តភ្នំ ៕