ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ១៩៤៦ គណបក្សប្រជាធិបតេយ្យ ដែលឈ្នះឆ្នោតដ៏ច្រើនលើសលប់នៅក្នុងរដ្ឋសភា បានរៀបចំបង្កើតរាជរដ្ឋាភិបាលថ្មីមួយដែលប្រសូត្រចេញពីលទ្ធផលបោះឆ្នោត ថ្ងៃទី១ ខែកញ្ញា នោះ ដោយមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,ព្រះអង្គម្នាស់ស៊ីសុវត្ថិ វត្តធាយាវង្ស ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , សុន វ៉ឺនសៃ ជារដ្ឋមន្ត្រីការពារជាតិ , សឺន សាន ជារដ្ឋមន្ត្រីសេដ្ឋកិច្ចជាតិ , ឈាន វ៉ម ជារដ្ឋមន្ត្រីអប់រំ , ប្រាក់ សារិន ជារដ្ឋមន្ត្រីសាធារណការ ទូគមនាគមន៍ និងសុខាភិបាល , ប៉ែន នុត ជារដ្ឋមន្ត្រី ទទួលលបន្ទុករាជធានីភ្នំពេញ , ហ៊ុយ កន្ទុល ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងឃោសនា ,ហាក់ ម៉ុងសេង ជារដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ , អូ ឈឺន ជារដ្ឋលេខាធិការក្រសួងធម្មការពុទ្ធិកសិក្សា និងវិចិត្រសិល្បៈ និង អ៊ុក ធុច ជារដ្ឋលេខាធិការក្រសួងផ្គត់ផ្គង់ ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស

ក្រោយពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ឡើងជានាយករដ្ឋមន្ត្រីជំនួសព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត មក អ្នកម្នាងប៉ុក វ៉ាណេ ជាមហេសីរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត បានចូលមកគាល់ព្រះមហាក្សត្រនរោត្តម សីហនុ ត្អូញត្អែរទូលព្រះអង្គថា នៅផ្ទះរបស់អ្នកម្នាង ពីមួយថ្ងៃទៅមួយថ្ងៃ លែងសូវមានអ្នកលោក ឬលោកជំទាវចេញចូលដូចកាលពីស្វាមីរបស់អ្នកម្នាងកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតហើយ គឺស្ងាត់ជាងកន្លែងកប់ខ្មោចទៅទៀត។ នេះក៏ដោយសារពួករដ្ឋមន្ត្រី ដែលពូកែអែបអបទាំងឡាយនោះ បានបែរក្បាលទៅរកភូមិគ្រឹះព្រះអង្គម្ចាស់យុត្តិវង្ស ជានាយករដ្ឋមន្ត្រីថ្មីវិញ ហើយនៅទីនោះគេឃើញមហេសីជាជនជាតិបារាំងរបស់ទ្រង់ ឈ្មោះ ដូមីនិក ឡាវ៉ឺន (Dominque Laverne)នៅជាប់ជាមួយទ្រង់ជានិច្ច ពេលមានភ្ញៀវមន្ត្រីធំៗជាច្រើនចូលទៅសម្តែងការគោរពយកគាប់គួរជារៀងរាល់ថ្ងៃ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត

ដោសារតែរបូតតំណែងជានាយករដ្ឋមន្ត្រីផង និងប្រហែលដោយសារមានការច្រណែននិន្ទាឈ្នានីសផងនោះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ដែលព្រះមហាក្សត្រសីហនុ បានកាត់សម្គាល់ឃើញថា ទ្រង់ជាមនុស្សចូលចិត្តនិយាយដើមពីអ្នកដទៃនោះ ក៏បានមកញុះញង់ចាក់រុកព្រះអង្គថា ព្រះអង្គម្ចាស់យុត្តិវង្ស មិនត្រឹមតែមានមហិច្ឆតា ត្រឹមជានាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ គឺថែមទាំងមានមហិច្ឆតាឡើងធ្វើជាព្រះមហាក្សត្ររបស់ប្រទេសកម្ពុជា ទៀតផង។


ទ្រង់មុនីរ៉េត បានទូលព្រះមហាក្សត្រសីហនុ ថាភូមិគ្រិះរបស់ព្រះអង្គម្ចាស់យុត្តិវង្ស ប្រធានគណបក្សប្រជាធិបតេយ្យ ពេលនោះមានបរិយាកាសប្រៀបដូចជាព្រះរាជវាំងមួយ ហើយអ្នកម្នាង ដូមីនិក ឡាវ៉ឺន(Dominque Laverne)ជាមហេសីជនជាតិបារាំងនោះ បានរៀបចំកម្មវិធីអបអរសាទរការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ទ្រង់យុត្តិវង្ស នៅភូមិគ្រឹះនោះ ដោយមានជំទាវៗទាំងខ្មែរ ទាំងអឺរ៉ុប នាំគ្នាទៅសម្តែងការគួរសម គោរពឱនលំទោនក្រាបបង្គំអ្នកម្នាងដូមីនិកនោះ ប្រៀបដូចជាព្រះមហាក្សត្រិយានីមួយអង្គ ទៅហើយ។
ព្រះមហាក្សត្រនរោត្តម សីហនុ ស្តាប់ហើយ ព្រះអង្គក៏មិនមានប្រតិកម្មអ្វីទៅតាមការញុះញង់ចាក់រុករបស់ទ្រង់មុនីរ៉េត ជាព្រះបិតុលានោះដែរ តែព្រះអង្គបានសូត្រសុភាសិតមួយរបស់លោកសាស្ត្រចារ្យអាហ្វុងសូ ដែលបានបង្រៀនព្រះអង្គតាំងពីនៅរៀនថ្នាក់ទី៦ក នៅសាលាហ្សាសសឺលូ ឡូបា នោះមួយឃ្លាថា គេមិនត្រូវលក់ស្បែកខ្លាឃ្មុំទេ ឲ្យទ្រង់មុនីរ៉េត ស្ដាប់វិញ៕