រាជធានីភ្នំពេញ៖ លោកផែង វណ្ណៈ ត្រូវបានគេដឹងថា ជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងសកម្មម្នាក់ ហើយលោកតែងតែចេញមុខតតាំងជួយការពារ រកយុត្តិធម៌ ដល់ជនស្លូតត្រង់ ដែលត្រូវអ្នកមានប្រាក់ មានអំណាចរំលោភបំពាន ដោយមិនខា្លចមានផលវិបាកដល់ខ្លួន ហើយក៏មានជនខិលខូចមួយចំនួនធ្វើការព្រមានដល់រូបលោកផង ។


ជាក់ស្តែង ព្រោះតែលោកហ៊ានចេញមុខការពារជនពិការរងគ្រោះ ព្រោះដីធ្លីម្នាក់នៅព្រែកព្នៅ ស្រាប់តែមានគេទូរស័ព្ទមកព្រមានឲ្យលោកដកខ្លួនចេញពីរឿងនេះជាបន្ទាន់ ប្រយ័ត្នជាប់គុកលើកទី២។


លោកផែង វណ្ណៈ បានសរសេរសំណេរបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោក កាលពី១៣ម៉ោងមុន មានខ្លឹមសារថា « មុខនេះមិនសូវសប្បាយចិត្តទេ ព្រោះព្រឹកម៉ិញមានទូរស័ព្ទមួយបានទូរស័ព្ទមកព្រមានថា កុំចេញមុខការពារជនពិការរងគ្រោះព្រោះដីធ្លីម្នាក់ នៅព្រែកព្នៅ ប្រយ័ត្នជាប់គុកលើកទី ២ ។ ចុំ អ្នកយកដីគេមិនជាប់គុក បែរជាមកចង់យកអ្នកផ្សាយព័ត៌មានដាក់គុកទៅវិញ ? សួរថា គំរាមអញ្ចឹងចង់អោយខ្ញុំខ្លាចមែន ? ចង់ប្រាប់ទៅវិញថា ស្អែកខ្លាចហើយ ស្អែក Live Video និយាយរឿងនេះម្ដងទៀត ហើយអ្នកណាទូរស័ព្ទមកព្រមានខ្ញុំនោះ ខ្ញុំនឹងបញ្ចេញនៅយប់ស្អែក ម៉ោង៧:៣០ នាទី ។ យប់នេះអត់បាន Live ទេ ព្រោះទើបមកពីខេត្តហត់ណាស់សុំសំរាកហើយ »។
ជុំវិញនឹងការព្រមាននេះ «KBN» មិនអាចសុំការបញ្ជាក់បន្ថែមពីលោកផែង វណ្ណៈដោយផ្ទាល់បានទេ តែយ៉ាងណា យើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕