កាលពី​ម្សិលមិញ​នេះ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្រោយ​មាន​ករណី​លោក សុខ មេ​សា ហៅ​នាយ​ចឺម ត្រូវ​បាន​យុវជន​ម្នាក់​លប​វាយ​របួស​ធ្ងន់ធ្ងរ ដោយ​មានការ​លើក​ឡើង​ថា​នាយ​ចឺម​បាន​លួច​ឈែ​ត​ញ៉ែ​សង្សារ​គេ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ នៅ​ចំណុច​បុរី​ម្កុដ​ពេជ្រ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ ។

ជនសង្ស័យ​ឈ្មោះ ង៉ែត លី​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ជនសង្ស័យ​បាន​យក​កំណាត់ឈើ​ប្រវែង​ប្រហែល ០,១ ម៉ែត្រ មក​វាយ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​មាន​រង​របួស​ត្រង់​កំភួនដៃ​ទាំង​សងខាង​និង​បែកក្បាល​ចំនួន​៥​ថ្នេរ​ធ្ងន់ ព្រមទាំង​បែក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន អិ​ច មួយ​គ្រឿង​ខូច​ទាំងស្រុង ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា មូលហេតុ​នាំ​ឲ្យ​ជនសង្ស័យ​វាយ​លើ​ជន​រង​គ្រោះ​ដោយសារ​ការ​ប្រចណ្ឌ នឹង​ជន​រង​គ្រោះ​ឈ្មោះ​នាយ ចឺម បាន​ឆាត​ទៅ​រក​សង្សា​របស់​ខ្លួន ។

បន្ទាប់​ពី​មាន​ករណី​នេះ​កើតឡើង បើ​តាម​លោក ហេង ឡុ​ង ក៏​បាន​លើក​ឡើង​ថា បើ​ផ្អែក​ទៅ​លើ​រូបភាព​ស្នាម​របួស​នេះ ជន​បង្ក​បាន​ប្រើ​សម្ភារ​វាយ​ក្បាល ជន​រង​គ្រោះ អាច​ប្ដឹង​ពី​បទ​ប៉ុនប៉ង​ធ្វើឃាត​ដោយ​ចេតនា ប្រសិនបើ​ច្បាប់​រក​ភស្តុ​តាង និង​សាក្សី​បាន​គ្រប់គ្រាន់​។ ក្នុង​នោះ តារាចម្រៀង​វ័យក្មេង​ជ្រក​ក្រោម​ផលិតកម្ម​សាន់​ដេ នាយ ចឺម ក៏​បាន​បង្ហាញ​ជំហរ​ប្ដឹង​ទាមទារ​សំណង​ចំនួន​៣​ម៉ឺន​ដុល្លារ ប៉ុន្តែ​ជន​បង្ក​សម្រួល​បង់​ឲ្យ​ត្រឹមតែ​១​ម៉ឺ​ដុល្លារ តែ​ប៉ុណ្ណោះ ៕