ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

ទោះបីយ៉ាងណាក៏ដោយ ក៏ការពិភាក្សាលើគម្រោងរដ្ឋធម្មនុញ្ញនៅក្នុងសភានោះ មានជំហរពីរផ្ទុយគ្នាដែរ គឺជំហរទី១ មានការខិតខំតស៊ូដោយប្រុងប្រយ័ត្ន ទៅលើការការពាររចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងឲ្យមានរបបនយោបាយមួយដែលមានលក្ខណៈប្រជាធិបតេយ្យល្មមសមរម្យប៉ុណ្ណោះ ហើយរក្សាទុករបបរាជាធិបតេយ្យនិយមបន្តទៀត ដោយឈរលើគោលការណ៍ថា អំណាចទាំងអស់ត្រូវចេញពីព្រះមហាក្សត្រ ។

ព្រះមហាក្សត្រ នរោត្តមសីហនុ

ចំណែកជំហរទី២ ជាគំនិតរបស់សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលធ្លាប់ទទួលការសិក្សា និងទទួលមនោគមវិជ្ជាពីប្រទេសលោកខាងលិច ពួកគេមិនចង់ឲ្យព្រះមហាក្សត្រមានអំណាចច្រើនលើសលប់ដូចមុនទៀតទេ ។ គោលនយោបាយគណបក្សប្រជាធិបតេយ្យ ដែលមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ជាអ្នកដឹកនាំ ចង់ឲ្យមានការចរចាពីបញ្ជាឯករាជ្យជាមួយបារាំង ធ្វើឡើងឲ្យបានឆាប់រហ័ស ដើម្បីឲ្យប្រទេសកម្ពុជាអនុវត្តលិទ្ធិប្រជាធិបតេយ្យបានល្អ ដូចនៅប្រទេសបារាំងដែរ។ ចំណែកគណបក្សសេរីភាព ដែលមានព្រះអង្គម្ចាស់ នរោត្តម នរិន្ទដេត ជាអ្នកដឹកនាំ ទទួល១៤អាសនៈនៅក្នុងសភា ជាគណបក្សអភិរក្សនិយម មិនចង់ឲ្យមានកំណែទម្រង់នយោបាយលឿនពេកទេ គឺត្រូវអប់រំប្រជារាស្ត្រខ្មែរឲ្យយល់ពីលិទ្ធិប្រជាធិបតេយ្យជាបណ្តើរៗសិន ហើយគួរតែពឹងផ្អែកលើបារាំង ក្នុងការការពារប្រទេសមួយរយៈបន្តទៀត។

លោក អៀវ កើស ប្រធានរដ្ឋសភា ឆ្នាំ១៩៤៦

ព្រះរាជវង្សានុវង្សទាំងអស់ បានគាំទ្រគំនិតរបស់មេដឹកនាំគណបក្សសេរីភាព ហើយតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា ពួកមន្ត្រីបារាំងបានលួចលាក់ផ្តល់លុយកាក់ខ្លះសម្រាប់ជួយទ្រទ្រង់គណបក្សសេរីភាពនេះផងដែរ ដោយសារបារាំងខ្លាចប្រជាប្រិយភាពរបស់គណបក្សប្រជាធិបតេយ្យ ។
ឯគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន របស់ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ដែលទទួលបានអាសនៈ៣នៅក្នុងសភានោះ មិនមានឥទ្ធិពលអ្វីក្នុងសភាទេ ហើយគេសង្ស័យថាគណបក្សនេះ មានការគាំទ្រពីពួកទីប្រឹក្សារបស់ព្រះមហាក្សត្រ នៅពីក្រោយខ្នងផងដែរ៕