ខេត្តស្វាយរៀង៖ បុរសម្នាក់ បន្ទាប់ពីសមត្ថកិច្ចដេញចាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន បានប៉ុន្មានម៉ោង ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ក្នុងទឹកស្រែ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។


ជនរងគ្រោះឈ្មោះ សំ យ៉េន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ក្នុងភូមិសង្កាត់ខាងលើ។
ម្ដាយជនរងគ្រោះឈ្មោះ តូច សម្បត្តិ អាយុ៤៨ឆ្នាំ មុខរបរកសិករ បានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា មុនពេលកើតហេតុ កូនរបស់ខ្លួនឈ្មោះសំយ៉េន នេះ បានបង្កការអុកឡុកទារលុយក្រុមគ្រួសារ ដើម្បីយកទៅទិញថ្នាំញៀនយកមកប្រើប្រាស់ មិនតែប៉ុណ្ណោះបានគំរាមរកសម្លាប់គាត់ ទើបគាត់រាយការណ៍ទៅសមត្ថកិច្ច តែម្ដង ។ ក្រោយមក សមត្ថកិច្ចមកដល់ ក៍បានដេញចាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន កូនគាត់បានរត់គេចបាត់។ លុះដល់ថ្ងៃត្រង់ ថ្ងៃដដែល ស្រាប់តែមានប្រជាពលរដ្ឋអ្នកភូមិទៅចង់គោ ក៏ប្រទះសាកសពក្នុងទឹក ក៏បានរាយការណ៍ជូនសមត្ថកិច្ច ។ក្រោយកើតហេតុ សមត្ថកិច្ចមកពិនិត្យសពជាច្រើនម៉ោង ទើបប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ព្រោះមិនពាក់ពន្ធ័ករណីឃាដកម្មអ្វីនោះទេ ៕