ភ្នំពេញ៖ ណាហ្គាវើលដ៍ បានរៀបចំពិធីប្រគល់រង្វាន់ពិសេសមួយដើម្បីអបអរសាទរដល់ជ័យជម្នះរបស់អត្តពលិកកម្ពុជាពីក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣០ ដែលទើបនឹងបញ្ចប់ក្នុងពេលថ្មីៗនេះ។ ត្រូវបានរៀបចំឡើងក្នុងផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ពិធីនេះត្រូវបានចូលរួមដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រតិភូកីឡា អត្តពលិក និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនណាហ្គាវើលដ៍កាលពីថ្ងៃទី១៦ធ្នូ២០១៩។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង “ដំណើរឆ្ពោះទៅរកមេដាយមាស” របស់ណាហ្គាវើលដ៍ជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អត្តពលិកមេដាយមាសឯកត្តជនម្នាក់ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ ៦.០០០ ដុល្លារអាមេរិក ចំណែកឯអត្តពលិកមេដាយមាសក្រុមមួយក្រុម នឹងទទួលបានទឹកប្រាក់រង្វាន់ ១០.០០០ ដុល្លារអាមេរិកដែលប្រាក់រង្វាន់នេះកើនឡើងទ្វេដងកាលពីស៊ីហ្គេមលើកមុន។ វីរកីឡាករ និងវីរកីឡាការិនីដែលទទួលបានមេដាយមាសពីស៊ីហ្គេមក្នុងឆ្នាំនេះ មានកីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី ក្នុងប្រភេទទម្ងន់លើស ៧៣ កីឡូក្រាម កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ក្នុងប្រភេទទម្ងន់ក្រោម ៤៩ កីឡូក្រាម កីឡាករគុនល្បុក្កតោ arnis យ៉ុង ម៉េងលី និងកីឡាការិនីប៉េតង់ក្រុម ៣ ទល់ ៣ ស្រេង សុរ៉ាឃីម ឃួន យ៉ារី ដួង ឌីណា និងអ៊ុន ស្រីយ៉ា។
ក្រៅពីនេះ ណាហ្គាវើលដ៍ក៏បានផ្តល់រង្វាន់ជាទឹកប្រាក់ដល់គ្រូបង្វឹករបស់អត្តពលិកមេដាយមាសម្នាក់ៗនូវទឹកប្រាក់ ១.០០០ ដុល្លារអាមេរិក ព្រមទាំងផ្តល់រង្វាន់ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានូវទឹកប្រាក់ ៤.០០០ ដុល្លារអាមេរិកផងដែរចំពោះមេដាយមាសទាំង ៤ ដែលអត្តពលិកទទួលបានដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត ណាហ្គាវើលដ៍ ក៏បានឧបត្ថម្ភឯកសណ្ឋាន
កីឡាសម្រាប់គណៈប្រតិភូដឹកនាំកីឡា និងអត្តពលិកទាំងអស់ទៅកាន់ប្រទេសហ្វីលីពីនផងដែរ។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានមានប្រសាសន៍ថា “ចំនួនមេដាយស៊ីហ្គេមក្នុងឆ្នាំនេះរបស់កម្ពុជា លើសពីឆ្នាំមុនជាងពីរដង។ យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការអភិវឌ្ឍ និងបណ្តុះបណ្តាលអត្តពលិកកម្ពុជាឲ្យមានការអភិវឌ្ឍជាលំដាប់ពីស៊ីហ្គេមមួយទៅស៊ីហ្គេមមួយទៀត។ ណាហ្គាវើលដ៍ មានកិត្តិយសយ៉ាងខ្លាំងដែលបានក្លាយជាផ្នែកមួយនៅក្នុងដំណើរនេះ ខណៈយើងគាំទ្រដល់កម្មវិធីកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅទូទាំងប្រទេស។ ក្នុងការត្រៀមខ្លួននៅពេលកម្ពុជាធ្វើជាផ្ទះម្ចាស់ស៊ីហ្គេមលើកទី ៣២ ក្នុងឆ្នាំ២០២៣ យើងសង្ឃឹមថា ការខិតខំប្រឹងប្រែងវិនិយោគរបស់យើងជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងហុចផ្លែផ្កា និងធ្វើឲ្យអត្តពលិករបស់កម្ពុជាកាន់តែខ្លាំង”។

ណាហ្គាវើលដ៍ ជួយអភិវឌ្ឍវិស័យកីឡា ៖
គួររំឭកផងដែរថា ណាហ្គាវើលដ៍គឺជាក្រុមហ៊ុនដែលឧបត្ថម្ភរយៈពេលវែងជាងគេដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាក្រុមហ៊ុនទីមួយដែលបានចុះកិច្ចព្រមព្រៀងដើម្បីឧបត្ថម្ភដល់អត្តពលិកកម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១១ ក្នុងប្រទេសឥណ្ឌូនេស៊ី និងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០១២ ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ បន្ទាប់មក ណាហ្គាវើលដ៍ បានបន្តកិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេល ៤ ឆ្នាំរបស់ខ្លួនជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងឆ្នាំ ២០១៥ ដើម្បីផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិកកម្ពុជាដែលបានទទួលបានជ័យជម្នះពីព្រឹត្តិការណ៍កីឡាអន្តរជាតិ។
កាលពីដើមឆ្នាំ ២០១៩ នេះ ណាហ្គាវើលដ៍បានបន្តកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៤ ឆ្នាំបន្ថែមទៀតដើម្បីឧបត្ថម្ភនៅក្នុង ៖
• ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣០ និងកីឡាជនពិការលើកទី ១០ ក្នុងប្រទេសហ្វីលីពីន
• ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ និងកីឡាជនពិការលើកទី ១១ ឆ្នាំ ២០២១ ក្នុងប្រទេសវៀតណាម
• ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងកីឡាជនពិការឆ្នាំ ២០២០ ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន
• ព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ទ្វីបអាស៊ីឆ្នាំ ២០២០ ក្នុងទីក្រុងសានយ៉ាប្រទេសចិន
• ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ ២០២២ ក្នុងទីក្រុងហាងចូវប្រទេសចិន និង
• ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនរដូវក្តៅឆ្នាំ ២០២២ ក្នុងទីក្រុងដាកាប្រទេសសេណេហ្គាល់។
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដើម្បីជួយកសាងប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍវិស័យកីឡា ណាហ្គាវើលដ៍នឹងបន្តជួយអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាក្នុងប្រទេសកម្ពុជា រួមមាន កីឡាបាល់ទាត់ តេន្នីស ប្រដាល់សេរី បាល់ឱប ក្បាច់គុនចម្រុះ និងកីឡាជាច្រើនទៀត។ ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍ បានលើកទឹកចិត្តឲ្យអត្តពលិកកម្ពុជាចូលរួមប្រកួតក្នុងកម្រិតតំបន់ និងកម្រិតជាតិដែលនាំទៅរកភាពជោគជ័យកាន់តែច្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា។