ដោយ ឈឹម សេរីភួន ៖

លោក ស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ នៅខេត្តស្ទឹងត្រែង ។ ឪពុកឈ្មោះស៊ីន-លាង ម្ដាយឈ្មោះ ស៊ីន-ប៊ុនលឿ ជាកូនកាត់ឡាវ-ចិន ។ លោកជាកូនប្រុសពៅគេក្នុងចំណោមបងប្អូន៤នាក់(ប្រុស ២ ស្រី ២) ។ ឪពុករបស់លោកជាឆ្មាំយាមពន្ឋនាគារខេត្តបាត់ដំបង ។

លោក ស៊ីន ស៊ីសាមុត

កាលវ័យកុមារ លោកស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សា នៅទីរួមខេត្តស្ទឹងត្រែង ។ លោកមាននិស្ស័យជាមួយសិល្បៈ តាំងពីអាយុ៦ ឬ ៧ ឆ្នាំ ដោយចូលចិត្តកូតទ្រ ដេញម៉ង់ដូលីន និងចាប៉ី ។ ជាញឹកញាប់ លោកត្រូវបានគ្រូឲ្យលេងម៉ង់ដូលីន និងច្រៀងនៅក្នុងកម្មវិធីពិធីផ្សេងៗនៅក្នុងសាលា ។

លោក ស៊ីន ស៊ីសាមុត

ក្រោយបញ្ចប់ការសិក្សាចំណេះទូទៅ នៅឆ្នាំ១៩៥១ ឪពុកលោក បានបញ្ជូនលោកឲ្យទៅបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រ នៅរាជធានីភ្នំពេញ ដោយស្នាក់នៅជាមួយឪពុកមារបស់លោកម្នាក់ ។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរ ដើម្បីរៀនច្រៀង និងនិពន្ធបទភ្លេងដែរ ។ ពេលនោះដែរ លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះថា ក្រុមតន្ត្រីព្រះច័ន្ទរស្មី ដែលមានសមាជិក ៩នាក់ ។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋរាជធានីភ្នំពេញ ។ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោក ត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលប្រគំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិ ឈ្មោះ រាជសីហ៍ ។ ក្រោយពេលលោកក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីព ដោយជារឿយៗ លោកតែងចេញច្រៀងតាមវិទ្យុ និងពិធីមង្គលការផ្សេងៗ ។ តែយ៉ាងណា ឪពុកម្ដាយរបស់លោក មិនសប្បាយចិត្តទេ ពេលឮលោកច្រៀងតាមវិទ្យុ ព្រោះពួកគាត់ចង់ឲ្យលោកក្លាយជាវេជ្ជបណ្ឌិត ហើយបារម្ភថា ដោយសារសិល្បៈចម្រៀងនេះនឹងរំខានដល់ការសិក្សានៅសាលាវេជ្ជសាស្ត្ររបស់លោក ។

លោក ស៊ីន ស៊ីសាមុត

នៅក្នុងឆ្នាំ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតថាសចម្រៀងឲ្យផលិតកម្មវត្តភ្នំ គឺបទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ បន្ទាប់មក លោកបានថតថាសចម្រៀងឲ្យផលិតកម្មហេង ហេង ច័ន្ទឆាយា ដោយមានបទចម្រៀងជាច្រើនបទ។

លោក ស៊ីន ស៊ីសាមុត

នៅពាក់កណ្តាលទសវត្សរ៍ ឆ្នាំ៦០ លោកបានច្រៀងថតបទចម្រៀងថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។
នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ រឿងថាវរីមាសបង រឿងពៅឈូកស ជាដើម។

លោក ស៊ីន ស៊ីសាមុត

ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកស៊ីន ស៊ីសាមុត បានចូលជាអ្នកចម្រៀងក្នុងក្រុមតន្ត្រីការិយាល័យទី៥ នៃអគ្គសេនាធិការកងទ័ពជាតិ នៃរបបសាធាណរដ្ឋខ្មែរ មានឋានន្តរស័ក្កិជាអនុសេនីយ៍ទោ។ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋខ្មែរ និងបទប្រឆាំងពួកវៀតកុង វៀតណាមខាងជើង ព្រមទាំងបទប្រមាថរបបរាជានិយម និងសម្ដេចសីហនុ ផងដែរ ។ ប៉ុន្មានឆ្នាំក្រោយមកទៀត លោកបានឡើងឋានន្តរស័ក្កិជាអនុសេនីយ៍ឯក។

លោក ស៊ីន ស៊ីសាមុត

នៅពេលកងទ័ពខ្មែរក្រហម វាយដណ្ដើមបានភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកត្រូវបានគេជម្លៀសចេញពីក្រុងភ្នំពេញ ជាមួយប្រជាពលរដ្ឋរាប់សែននាក់ទៀត ដោយចេញទៅតាមផ្លូវជាតិលេខ១ ហើយត្រូវពួកខ្មែរក្រហមប្រទះឃើញកំពុងសម្រាកនៅក្នុងវត្តចំប៉ា ក៍ចាប់យកទៅសម្លាប់ចោលតែម្ដងទៅ៕

លោក ស៊ីន ស៊ីសាមុត