ខេត្តកំពង់ស្ពឺ៖ បុរសជាឪពុកចុងម្នាក់សង្ស័យថាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីប្តីមុនអស់រយៈពេលច្រើនឆ្នាំមកហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិរកាកោង ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ។
ជនសង្ស័យឈ្មោះ យួន ណម ភេទប្រុស អាយុ៤០ឆ្នាំ ដែលជាឪពុកចុង រស់នៅផ្ទះជាមួយគ្នា នៅចំណុចឃាត់ខ្លួនខាងលើ ។


កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងមួយពីម្ដាយក្មេងស្រីរងគ្រោះ ថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់រំលោភមកលើជនរងគ្រោះជាច្រើនលើកច្រើនសារមកហើយ តាំងពីឆ្នាំ២០១៦មកម្ល៉េះ ។
យោងតាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ឪពុកចុងរូបនេះក្រោយពីបានធ្វើសកម្មភាពចាប់រំលោភនាងហើយ បានគំរាមមិនឲ្យនិយាយប្រាប់អ្នកណាឡើយ បើហ៊ាននិយាយគេ(ជនសង្ស័យ)នឹងសម្លាប់ចោលទាំងម្តាយទាំងកូន(ជនរងគ្រោះ)។ ដោយខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត នាងក៏ចេះតែលាក់រឿងនេះរហូតមក ហើយលើកក្រោយនេះ ឪពុកចុងប្រុងចាប់រំលោភម្តងទៀត នាងមិនអាចទ្រាំបាន ក៍ទម្លាយរឿងនេះប្រាប់ម្តាយឲ្យដាក់ពាក្យបណ្តឹងតែម្តង ។

ក្រោយទទួលបណ្តឹង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរ តែជនសង្ស័យមិនបានឆ្លើយសារភាពនោះទេ ។ទោះបីយ៉ាងណាសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីដែរ ៕