ខេត្តកោះកុង៖ បុរសមានជំងឺឆ្កួតជ្រូក និងញៀនស្រាម្នាក់ ខណៈស្រវឹងស្រាជោកជាំ បានចុះទៅងូតទឹកត្រពាំង បណ្តាលឲ្យលង់ ស្លាប់រហូតដល់អណ្ដែតសាកសព ទើបមានអ្នកភូមិប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃសុក្រ ២រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៩ នៅចំណុចព្រែកភ្នំស្រឡៅ ស្ថិតនៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។


សពជនរងគ្រោះ ឈ្មោះ យ៉ក ភី ភេទប្រុស អាយុ៥៥ឆ្នាំ មានមុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
បើតាមការបំភ្លឺរបស់គ្រួសារសព បានឲ្យដឹងថា ជនរងគ្រោះមានជំងឺឆ្កួតជ្រូក និងញៀនស្រា ហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះស្រវឹងស្រាជោកជាំ បានចុះទៅងូតទឹកត្រពាំង ទើបបណ្តាលឲ្យលង់ស្លាប់ដោយគ្មានអ្នកណាដឹងបែបនេះ ។
ក្រោយពីបានពិនិត្យសាកសពរួច និងស្ដាប់ការបំភ្លឺរបស់គ្រួសារសពរួច សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ហើយបានធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕