ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦ ការបោះឆ្នោតសាកលមួយ ដើម្បីជ្រើសរើសសមាជិកសភាបានប្រព្រឹត្តឡើងជាប្រវត្តិដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយលទ្ធផលនៃការបោះឆ្នោតនោះ គឺគណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ជាប់ឆ្នោតនៅក្នុងសភាបានចំនួន៥០អាសនៈ គណបក្សសេរីភាព ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត ទទួលបាន១៤អាសនៈ និងគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន ទទួលបាន ៣អាសនៈ ក្នុងចំណោមអាសនៈសភាសរុប ៦៧អាសនៈ ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស

ព្រះមហាក្សត្រនរោត្តម សីហនុ បានវាយតម្លៃថា ជ័យជម្នះរបស់គណបក្សប្រជាធិបត្យ ដែលទទួលបានអាសនៈនៅក្នុងសភាដ៏ច្រើនសន្ធឹកសន្ធាប់ដូច្នេះ គឺដោយសារប្រជាប្រិយភាពរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ដែលល្បីរន្ទឺខ្លាំងធ្វើឲ្យប្រជារាស្ត្រខ្មែរភាគច្រើនបោះឆ្នោតគាំទ្រនោះ គឺជាជនជាតិខ្មែរដំបូងគេបង្អស់ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត មកពីប្រទេសបារាំង និងមានមហេសីជាជនជាតិបារាំង ព្រមទាំងពូកែធ្វើនយោបាយបែបប្រជាភិថុទៀតផង ។

លោកអៀវ កើស

ក្រោយលទ្ធផលបោះឆ្នោតថ្ងៃទី០១ ខែកញ្ញានោះ លោកអៀវ កើស ដែលជាមេដឹកនាំគណបក្សឈ្នះឆ្នោត៥០អាសនៈនៅក្នុងសភា ត្រូវបានតែងតាំងជាប្រធានសភាពិគ្រោះយោបល់ មិនមែនជាសភាធម្មនុញ្ញទេ។
សភានេះត្រូវពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃការពង្រាងរដ្ឋធម្មនុញ្ញ ដែលមានស្រាប់ក្នុងលក្ខខណ្ឌ មិនឲ្យពាល់ដល់របបរាជាធិបតេយ្យ ដែលមាននៅកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។

មេដឹកនាំគណបក្សប្រជាធិបតេយ្យ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស និងលោកអៀវ កើស

សមាជិកសភាមកពីគណបក្សជាប់ឆ្នោតទាំង៣ បានធ្វើការសិក្សាពង្រាងរដ្ឋធម្មនុញ្ញនោះ និងបញ្ជូនមតិយោបល់កែប្រែខ្លឹមសារត្រង់ចំណុចណាមួយ ទៅឲ្យគណៈកម្មការជំនាញមួយទទួលបន្ទុកការរៀបចំរដ្ឋធម្មនុញ្ញ ហើយគណៈកម្មការជំនាញនេះ ត្រូវបញ្ជូនគម្រោងកែខ្លឹមសារនោះ ថ្វាយព្រះមហាក្សត្រ ដើម្បីពិនិត្យ និងមានព្រះរាជតម្រិះរួច ទើបគណៈកម្មការនេះ រង់ចាំការចារព្រះរាជតម្រិះពីព្រះមហាក្សត្រ សម្រេចយ៉ាងណា ទើបបញ្ជូនចំណារនៃព្រះរាជតម្រិះនោះត្រឡប់ទៅសភាវិញ ដើម្បីពិភាក្សា និងអនុម័តសម្រេច ៕

រដ្ឋសភាកាលសម័យឆ្នាំ១៩៤៦