រាជធានីភ្នំពេញ៖ ក្រោយពីមានប្រតិកម្មអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកធ្វើការងារសង្គម ពីរឿងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានកាត់ឆ្វៀលដីទំហំ៤០ហិកតារផ្ដល់ឱ្យជនជាតិវៀតណាម ដែលបន្លាស់ទីពីផ្ទៃបឹងទន្លេសាប ឱ្យមករស់នៅលើគោកវិញក្នុងបំណងសង្គ្រោះបរិស្ថានទន្លេសាប បង្កើតជាភូមិឱ្យអន្ដោប្រវេសន៍វៀតណាម មក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងបញ្ជាក់ថា អ្នកដែលទទួលបានដីក្នុងគម្រោងនេះ មិនមែនមានតែជនជាតិវៀតណាមទេ ប៉ុន្តែក៏ពលរដ្ឋខ្មែរ និងជនជាតិផ្សេងទៀតដែរ ហើយថាតំបន់នោះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ច្បាប់កម្ពុជា គ្មានថ្ងៃបាត់បង់ដី ឬអាចក្លាយទៅជាតំបន់រស់នៅដោយឯករាជ្យរបស់ជនជាតិវៀតណាម ដូចការព្រួយបារម្ភនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា៖ «ការបារម្ភទៅលើសន្ដិសុខជាតិ ដែលយើងបង្កើតភូមិសម្រាប់ឱ្យអន្ដោប្រវេសន៍ មកនៅមិនមានប៉ះពាល់ដល់សន្ដិសុខជាតិ ដោយសារគ្រប់គ្រង ក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា ហើយអ្នកទៅគ្រប់គ្រង គឺកម្ពុជា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានអារម្មណ៍ធូរស្រាល»។


លោក ផៃ ស៊ីផាន បានពន្យល់ថា កាលណាអាជ្ញាធរបង្កើតកន្លែងមួយឱ្យជនអន្ដោប្រវេសន៍រស់នៅ គឺជនអន្ដោប្រវេសន៍ទាំងអស់នោះ ត្រូវតែគោរពច្បាប់របស់កម្ពុជា រួមមាន ទាំងច្បាប់ភូមិបាល និងច្បាប់សញ្ជាតិ ហើយអ្នកគ្រប់គ្រងនៅកន្លែងនោះទៀតសោត គឺជាជនជាតិខ្មែរ មិនមែនជាជនអន្ដោប្រវេសន៍នោះ ទេ។
បន្ថែមពីនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានយកចិត្តទុកដាក់ និងតាមដានលើបញ្ហានេះ។ លោកជឿជាក់ថា បន្ទាប់ពីសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ប្រជាពលរដ្ឋនឹងជ្រាបកាន់តែច្បាស់ពីអ្វីដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងអនុវត្តជាបន្ដបន្ទាប់ លើការងារបន្លាស់ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក មកឱ្យរស់នៅលើគោកវិញ។


ករណីអាជ្ញាធរខេត្តកំពង់ឆ្នាំង បានកាត់ឆ្វៀលដីទំហំ ៤០ហិកតារផ្ដល់ឱ្យជនជាតិវៀតណាម ដែលបន្លាស់ទីពីផ្ទៃបឹងទន្លេសាបឱ្យមករស់នៅលើគោកវិញនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកធ្វើការងារសង្គម ព្រមទាំងពលករខ្មែរនៅក្រៅប្រទេស រិះគន់ថា មុននឹងសម្រេចចិត្តផ្ដល់ដីឲ្យជនជាតិវៀតណាម គឺត្រូវដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋខ្លួនឲ្យចប់រួចរាល់សិន។ ពលរដ្ឋខ្មែរជាច្រើនដែលពួកគាត់អត់មានដីធ្លី កំពុងយំសោកដោយសារគេយកដីរបស់ហើយរដ្ឋាភិបាលអត់អើពើទេ ប៉ុន្តែបែរជាអើពើជនជាតិបរទេសទៅវិញ។


ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី បានថ្លែងថា៖ «ករណីនេះបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរមែនទែន គឺពលរដ្ឋខ្មែរយើង ឬក៏ប្រទេសជាតិយើងមិនបានទទួលប្រយោជន៍ធំដុំទេ ពីបឹងទន្លេសាបសាប ។ អាជ្ញាធរត្រូវអនុវត្តច្បាប់ ហើយច្បាប់ហ្នឹងមិនមែនអនុវត្តតែមួយ អត់មួយទេ គឺត្រូវតែអនុវត្តទាំងអស់ ទាំងពីការអនុវត្តច្បាប់ណាក៏ដោយ ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណដោយខុសច្បាប់ ការមកនៅហួសកំណត់ប៉ាស្ព័រ (លិខិតឆ្លងដែន) ការនេសាទត្រីខុសច្បាប់ ការបង្កអសន្តិសុខសង្គមជាតិជាដើម ត្រូវអនុវត្តច្បាប់ ហើយជាពិសេសគឺត្រូវបណ្ដេញជម្លៀសពួកគាត់ចេញ ឱ្យទៅប្រទេសគាត់វិញទាំងអស់»។

គួរជម្រាបថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងរៀបចំប្រជាពលរដ្ឋខ្មែរ, ខ្មែរឥស្លាម និងអន្តោប្រវេសន៍វៀតណាម រួមទាំងការធ្វើអាជីវកម្មផ្សេងៗសរុបប្រមាណ ៣,៨៥១ខ្នងផ្ទះ ស្មើប្រមាណ ៤,៥៦៣គ្រួសារ ដែលកំពុងរស់នៅលើផ្ទៃទឹកទន្លេសាបជាប្រភេទផ្ទះបណ្តែតទឹកក្នុងភូមិសាស្ត្រឃុំ/សង្កាត់ចំនួន៩ ឱ្យទៅរស់នៅលើគោកជំនួសវិញ។ អាជ្ញាធរបានត្រៀមដីទំហំប្រមាណ ៤០ហិកតារ នៅក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីឱ្យប្រជាពលរដ្ឋទាំងនេះទៅរស់នៅ៕