ខេត្តពោធិ៍សាត់៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានសម្រេចចិត្តលោតធ្វើអត្តឃាត បណ្តាលឲ្យស្លាប់បានសម្រេចយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ និង៥៧នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានដែកផ្លូវរថភ្លើង ឆ្លងស្ទឹងពោធិ៍សាត់ ចន្លោះភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ និងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់។ លុះវេលាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ទើបសពនារីរងគ្រោះអណ្ដែតទឹកស្ទឹង ក្នុងសភាពហើមស្អុយ។
នារីរងគ្រោះដែលគិតខ្លីលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះហេង ស្រីពេជ្រ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករត់ក្នុងហាងមួយកន្លែង ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងមានស្រុកកំណើតភូមិបានលង់ សង្កាត់ឡាបានសៀក ក្រុងបានលង់ ខេត្តរតគិរី ។


នៅកន្លែងកើតហេតុ នារីរងគ្រោះ បានបន្សល់ស្បែកជើង១គូ, អាវ១ , កាបូបស្ពាយ១ ដោយនៅក្នុងកាបូបមានលុយជាង២ម៉ឺនរៀល ទូរស័ព្ទ១គ្រឿង និងសម្ភារ:ផាត់មុខ។
សមត្ថកិច្ច បញ្ជាក់ថា ពេលរកឃើញសពនារីរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា នារីរងគ្រោះពិតជាលោតទឹកសម្លាប់ខ្លួនមែន។ មូលហេតុ នារីរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយបុរសជាសង្សារ។ សពនារីរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕