ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​ហោមពិធី និង​បញ្ចុះ​ថ្ម​ព្រះ​ភូមិ ក្នុង​មង្គល​ស្តេច​រាជសីហ៍ ប្រចាំ​ក្រុងព្រះសីហនុ នៅ​រង្វង់​មូល​តោ​ពីរ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។​

​ពី​ធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក​ជំទាវ ព្រមទាំង​មានការ​ចូលរួម​ពី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ក្នុង​ពិធី​នេះ ក៏​មាន​រៀបចំ​រាប់បាត្រ​ប្រគេន ព្រះសង្ឃ​ចំនួន​៩៩ អង្គ​ផង​ដែរ ។​

​បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា «​ហោមពិធី និង​បញ្ចុះ​ថ្ម​ព្រះ​ភូមិ ក្នុង​មង្គល​ស្តេច​រាជសីហ៍ ប្រចាំ​ក្រុងព្រះសីហនុ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល កុំអោយ​មាន​គ្រោះភ័យ​ឧបទ្រពចង្រៃ និង​សុំ​អោយ​មាន​សិរី​សួស្តី នាំ​វិនិយោគ​ចូល​មក​អភិវឌ្ឍ លើ​ទឹក​ខេត្ត​ព្រះ​សីហ​នុ​អោយ​បាន​ច្រើន​» ។​

​KBN សូមលើកយករឿងជំនឿ​អរូបី​យ៍ ពាក់ព័ន្ធ​នឹង​រូបសំណាក​តោ​ពីរនៅ​រង្វង់​មូល​ក្នុង​ក្រុងព្រះសីហនុ​នេះ អោយបានជ្រាបថា ៖ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ​លោក ពុ​យ គា ដែល​បច្ចុប្បន្ន​ជា​អ្នកឆ្លើយឆ្លង​ឲ្យ​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូរ​បស់​ប្រទេស​ជប៉ុន បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​សលោក អោយ​ដឹង​ថា «​កន្លង​មក មានរឿង​ដំណាល ជា​ច្រើន ស្តី​ពី​ចៅហ្វាយខេត្ត​ព្រះ​សីហ​នុ ដែល​ខ្លាច​តោ​ស៊ី ឱ្យ​ធ្លាក់​ពី​ដំណែង ។ នៅ​ពេល​មួយ​នោះ មាន​ចៅហ្វាយខេត្ត​មួយ​រូប ដាច់​ចិត្ត​អញ្ជើញ​គ្រូទាយ មក​ពី​ហុងកុង ដើម្បី​រក​វិធី​ទប់​ដំណែង​គាត់ ។ គ្រូ​ហុងស៊ុយ​នោះ បានឱ្យ​ឳ​វាទ​ថា ត្រូវ​តែ​ដាក់​គ្រាប់ឃ្លី​ចូល​ក្នុង​មាត់​តោ ដើម្បី​កុំឱ្យ​ខាំ​បាន (​កាល​ដើម​ឡើយ​រូបសំណាក​តោ ហាមាត់​ពុំ​មាន​គ្រាប់ឃ្លី នៅ​ខាងក្នុង​ឡើយ​) » ។​

​លោក ពុ​យ គា ដែល​ជា​អ្នកកាសែត​អាជីព​ជាង​២០​ឆ្នាំ បាន​បន្ត​អោយ​ដឹង​ថា «​រាប់​ទសវត្សរ៍​មក​ហើយ ពុំ​មាន​នរណា​ម្នាក់ ហ៊ាន​សង់​សំណង់ ឬ​បើកហាង​លក់ដូរ​នៅ​លើ​ដី​ច្រមុះជ្រូក ដ៏​ធំ​មួយ នៅ​ទល់មុខ​តោ​ពីរ កណ្តាល​ក្រុងព្រះសីហនុ​ឡើយ ព្រោះ​អ្នករ​ស៊ី​មាន​ជំនឿ​ថា ជំនួញ​របស់​គេ អាច​នឹង​ត្រូវ​ស្រុត​ចុះ ឬ​ខាត​ឡុងចុង ព្រោះ​រូបសំណាក​តោ​ពីរ សំឡឹង​ចំ​ពីមុខ នឹង​ធ្វើ​ឱ្យ​ហុងស៊ុយ​ធ្លាក់ ប៉ុន្តែ​ដោយសារ​ដី នៅ​ក្រុងព្រះសីហនុ​ឡើងថ្លៃ​ហួស​ពី​ការ​ស្មាន (​ជំនាន់​ឯកឧត្តម យន្ត មីន អតីត​អភិបាលខេត្ត​ព្រះ​សីហ​នុ​) និង​ពិបាក​រក​កន្លែង​ល្អ​ៗ​បាន​តទៅ​ទៀត ក្រុមហ៊ុន​ចិន ក៏​ជំនះ​កសាង​អគារ​ដ៏​ធំ​មួយ តែ​រក​មធ្យោបាយ​ការពារ ដោយ​សង់​រូបសំណាក​ដំរី​ចំនួន​៥ ដើម្បី​ទប់ទល់​ម​ហិ​ទ្ធិ​រិ​ទ្ធ ដ៏​ខ្លាំង​ខ្លា​របស់​តោ​ទាំង​ពីរ ។ យោង​តាម​ឯកសារ​សត្វ « យក​ដំរី​ទប់​ជាមួយ​តោ​» សត្វ​ដំរី​អាច​សម្លាប់​តោ​បាន ហើយ​ដំរី​មួយ អាច​ទប់ទល់​ជាមួយ​តោ​ញី​ចំនួន​៧ ឬ​តោ​ឈ្មោល​ពីរ ទើប​អាច​សំលាប់សត្វ​ដំរី​មួយ​បាន​» ។​

​រហូត​ដល់​ពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​លោក ពុ​យ គា ដដែល​បាន​សរសេរ​អោយ​ដឹង​ថា «​ដំរី​របួស​បាក់​ប្រ​ម៉ោ​យ ក្រោយ​ប៉ះ​តោ​មួយ​ប្រាវ មិន​ទាន់​បាន​ពីរ​ខែ​ស្រួលបួល​ផង ដំរី​៥​ក្បាល ប៉ះ​តោ​ពីរ ទីបំផុត មេ​ដំរី​ក៏​រង​គ្រោះ បាក់​ប្រ​ម៉ោ​យ​គួរ​ឱ្យ​អាណិត ។ អ្នក​ជឿ​លើ​អបិយ​ជំនឿ និយាយ​ថា អាច​ជា​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ផ្លូវ​ងងឹត រវាង​ស្តេចសត្វ​ទាំង​ពីរ ។​

​យ៉ាងណា​ក៏​ដោយ​នេះ​គ្រាន់តែ​ជា​ការ​អង្កេត​មួយ​របស់​លោក ពុ​យ គា តែ​ប៉ុណ្ណោះ រីឯ​ជំនឿ ជា​រឿង​របស់​បុគ្គល ព្រោះ​អ្នកមាន​គេ​មិន​ជឿ​លើ​ជំនឿ​អរូបី​យ៍​ណា​ដែល​គ្មាន​ហេតុផល​ច្បាស់លាស់​នោះ​ទេ ។ រីឯ រូបសំណាក​ដំរី​បាក់​ប្រ​ម៉ោ​យ តែ​បែប​វិទ្យាសាស្ត្រ​វិញ វា​ជា​ការ​ធ្វេស​ប្រ​ហេ​ស​របស់​អ្នក​សាងសង់​តែ​ប៉ុណ្ណោះ ៕