ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

នៅក្នុងយុទ្ធការឃោសនាបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស លើកដំបូងបង្អស់របស់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៤៦ ព្រះមហាក្សត្រនរោត្តម សីហនុ បានធ្វើការកត់សម្កាល់ថា គណបក្សប្រជាធិបតេយ្យ របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានរៀបចំយុទ្ធសាស្ត្រឃោសនាបោះឆ្នោតល្អបំផុត និងប្រកបដោយថាមពលខ្លាំងជាងគណបក្ស២ទៀត ដាច់ឆ្ងាយតែម្តង។

ព្រះមហាក្សត្រនរោត្តម សីហនុ

គណបក្សប្រជាធិបតេយ្យមានបញ្ញាវ័ន្តជាច្រើនដើរឃោសនា ដូចជា សឺន សាន បណ្ឌិតសេដ្ឋកិច្ចដ៏ល្បីល្បាញ និងជាអតិតនិស្សិតសាលាពាណិជ្ជកម្មជាន់ខ្ពស់នៅប្រទេសបារាំង , ឈាន វ៉ម និងថុន អ៊ុក សុទ្ធតែជាបញ្ញាវ័ន្តមានបញ្ញាបត្រអក្សរសាស្ត្រ មកពីបារាំង , ហ៊ុយ កន្ធុល ជាសាស្ត្រចារ្យនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដ៏ល្បីល្បាញ , សុន វ៉ឺនសៃ ជាវិស្វករ មកពីសាលាកណ្តាលប្រទេសបារាំង, ស៊ឺម វ៉ា និង លោកប៉ែន នុត ជាដើម ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស

ជាមួយគ្នានោះ គណបក្សប្រធិបតេយ្យទទួលយកបានការគាំទ្រពីសំណាក់ប្រជារាស្ត្រជាច្រើន តាមរយៈការជួយឃោសនារបស់ព្រះសង្ឃ និងមន្ត្រីរាជការព្រមទាំងសាស្ត្រចារ្យលោកគ្រូអ្នកគ្រូ ផងដែរ។
គណបក្សប្រជាធិបតេយ្យ ធ្វើការទាក់ទាញយកសំឡេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធប់ តាមរយៈការសន្យាថានឹងទាមទារឯរាជ្យពីបារាំងមកវិញ ហើយថាបើជាប់ឆ្នោត ពួកគេនឹងបង្កើតរាជរដ្ឋាភិបាលមួយ ដោយប្រជារាស្ត្រ និងដើម្បីប្រជារាស្ដ្រសម្រាប់ការឡើងកាន់អំណាចនោះ ។

លោកប៉ែន នុត

ព្រះមហាក្សត្រនរោត្តម សីហនុ បានធ្វើការកត់សម្គាល់ទៀតថា ពួកប្រជាធិបតេយ្យបានយកឃ្លាប្រយោគខ្លះៗក្នុងព្រះរាជសាររបស់ព្រះអង្គ ដែលបានថ្លែងទៅកាន់ប្រជារាស្ត្រថា ព្រះអង្គនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ និងការអំពាវនាវឲ្យប្រជារាស្ត្រនៅស្រុកស្រែចម្ការ ដែលស្រឡាញ់គាំទ្រព្រះអង្គ ឲ្យទទួលយកនូវការធ្វើប្រជាធិបតេយ្យូបកម្មនោះទៅឃោសនា ដើម្បីយកចំណេញឲ្យគណបក្សពួកគេផងដែរ ។ព្រះមហាក្សត្រឈ្វេងយល់ថា ដោយដឹងច្បាស់ពីប្រជារាស្ត្រខ្មែរមានជំនឿជឿជាក់លើរបបរាជាធិបតេយ្យ គ្មានអ្វីប្រែក្រឡាស់បាននោះ ពួកប្រជាធិបតេយ្យមិនហ៊ានឃោសនាអន្ទងឲ្យប្រជារាស្ត្រខ្មែរទទួលយករបបប្រជាធិបតេយ្យមួយដែលដកហូតអំណាចទាំងអស់ពីព្រះមហាក្សត្រនោះឡើយ ។ ផ្ទុយទៅវិញ ពួកគេតែងឃោសនាថា ព្រះមហាក្សត្របានទទួចសុំឲ្យប្រជារាស្ត្រទៅបោះឆ្នោត មកប្រើ ដើម្បីទាក់ទាញប្រជារាស្ត្រយកសន្លឹកឆ្នោតមួយចំណែកធំដែរ ។

លោក សឺន សាន

ប៉ុន្តែសម្រាប់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យវិញ ពួកគេយល់ថា ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ដែលបានស្នាក់នៅ និងសិក្សារៀនសូត្រនៅប្រទេសបារាំង អស់រយៈពេល១៥ឆ្នាំនោះ បាននាំមកនៅគំនិតថ្មីៗ និងសេក្តីសង្ឃឹមដល់នយោបាយកម្ពុជា ដែលកំពុងនៅទ្រឹងស្ងៀម គ្មានសកម្មភាពអ្វីទាំងអស់ ហើយពូកគេជឿរជាក់ថា ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស និងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនជាមិនខាន៕