ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវពលរដ្ឋចោមរោមវាយឡើងទ្រមខ្លួន នូវពេលជនសង្ស័យធ្វើសកម្មភាពចូលលួចទ្រព្យរបស់ពលរដ្ឋមិនបានសម្រេច កាលពីវេលាម៉ោង២២ និង៥០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារឫស្សីដាច់ ស្ថិតនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ។
ជនសង្ស័យដែលត្រូវពលរដ្ឋចាប់វាយទ្រមខ្លួននេះ ឈ្មោះសុខ គា ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃឈើទាល ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងបក្ខពួកម្នាក់ទៀត មានឈ្មោះ ទីណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃឈេីទាល ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (រត់គេចខ្លួនរួច)។ ចំណែក ជនរងគ្រោះឈ្មោះសេង ធា ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្សារឫស្សីដាច់ មានទីលំនៅភូមិ-ឃុំកើតហេតុ ។


សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងតែដេកនៅក្នុងផ្ទះ ស្រាប់តែឈ្មោះជូ ថុន ត្រូវជាមីងបានឃើញជនសង្ស័យអង្រួនទ្វារផ្ទះ រួចបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយចាប់ ។ នៅពេលចាប់បានហើយ ជនសង្ស័យបានតដៃ ក៏ត្រូវអ្នកជិតខាងនៅទីនោះបាននាំគ្នាវាយ ដាក់មួយដៃមួយជើង បែកឈាម ពេញមុខ ។ ចំណែកឈ្មោះ ទីណា បានជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនរបាលប៉ុស្តិ៍ព្រែកអំបិល បានចុះទៅដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ ។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួននិងឈ្មោះទីណា បានជិះម៉ូតូហ្ស៊ូមមើរអ៊ិច ពីខេត្តតាកែវ បានមកដល់ចំណុចកើតហេតុ បានឈប់ម៉ូតូនៅខាងក្រៅ ហើយខ្លួនបាន ផ្លោះរបងចូលលួចតែមិនបានសម្រេច ក៏ត្រូវគេចាប់បានតែម្តង ហើយកន្លងមកក្រុមខ្លួនតែងតែដើរលួចជារឿយៗ ។
ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកចាត់ការតាមច្បាប់៕