បរទេស៖ ក្រុមអ្នករុករក បានឃើញបំណែកយន្តហោះមួយចំនួន អណ្ដែតនៅលើផ្ទៃទឹកសមុទ្រ ដែលជារបស់យន្ដហោះយោធា C-130 ដែលបាត់ខ្លួនជាមួយមនុស្ស៣៨នាក់ កាលពី៣ថ្ងៃមុន ។
ព័ត៌មាន BBC នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ថា បំណែកយន្តយោធា C-130 ត្រូវក្រុមអ្នករុករក បានរកឃើញអណ្ដែតនៅលើផ្ទៃទឹកសមុទ្រ មានចម្ងាយ៣០គីឡូម៉ែត្រ ពីទីដែលយន្ដហោះយោធាឈីលី C-130 ដាច់ការទាក់ទង។ អាជ្ញាធារឈីលីបញ្ជាក់ថា បំណែកនេះអាចជាផ្នែកមួយនៃធុងសាំង ស្ថិតនៅផ្នែកខាងក្នុងរបស់យន្ដហោះ។


គួរបញ្ជាក់ថា យន្តហោះយោធា C-130 បានបាត់ដំណឹងកាលពីវេលាម៉ោង ៦៖០០នាទីល្ងាចថ្ងៃចន្ទ (ម៉ោងនៅអាមេរិកខាងត្បូង) បន្ទាប់ពីបានហោះចាកចេញពីទីក្រុង ផាន់ថាអារ៉េណាស់ (Punta Arenas) ស្ថិតនៅភាគខាងត្បូងប្រទេសឈីលី ឆ្ពោះទៅមូលដ្ឋានឈរជើង Presidente Eduardo Frei Montalva ក្នុងទ្វីបតំបន់អង់តាក់់ទិក (Antarctic)។ យន្តហោះនោះ មានផ្ទុកមនុស្សចំនួន៣៨នាក់ ក្នុងនោះមាន១៧នាក់ ជាសហសេវិក និង២១នាក់ជាអ្នកដំណើរ ហើយវាមានគោលដៅទៅកាន់ទ្វីបអង់តាក់ទិច ដើម្បីធ្វើការស្រាវជ្រាវ៕