ខេត្តបាត់ដំបង ៖ នាយ​ផ្នែក​នគរបាល​អន្ដោប្រវេសន៍ នៃ​ច្រក​ទ្វារ​អន្ដរជាតិ​ដូង ដែល​បាញ់បោះ​សេរី​រហូត​ដល់​១៤​គ្រាប់ ត្រូវ​ទទួល​រង​ពិន័យ​កងកម្លាំង តែ​ប៉ុណ្ណោះ ។​

​មន្ដ្រី​នគរបាល​ខេត្តបាត់ដំបង បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ ធ្នូ នេះ​ថា បន្ទាប់​ពី​បញ្ចប់​ការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​រួច​មក មន្ដ្រី​នគរបាល​អន្ដោប្រវេសន៍​ច្រក​ទ្វារ​អន្ដរជាតិ​ដូង ដែល​ស្រវឹងស្រា បាញ់បោះ​សេរី​១៤​គ្រាប់​នោះ ត្រូវ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​ដាក់​ពិន័យ​កងកម្លាំង ពោល​គឺ​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​បន្ត​ទៅ​តុលាការ នោះ​ទេ ។​

​គួរ​រម្លឹក​ថា មន្ត្រី​នគរបាល​អន្ដោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្ដរជាតិ​ដូង ខេត្តបាត់ដំបង​ម្នាក់ សង្ស័យ​តែ​អាង​ខ្លួន​មាន​ខ្នង​ធំ ពេល​ផឹកស្រា​ស្រវឹង​បាន​ចេញ​ឫក​ទំនើង​យូ​កូ​ង​បាត​ផ្សារ រួច​ដក​កាំភ្លើង​បាញ់​មេឃ​ជា​ច្រើន​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១០ និង​២៥​នាទី​យប់ ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​ក​ម្រៀ​ង ។​

មន្ដ្រី​នគរបាល ដែល​ស្រវឹងស្រា​អាង​ខ្លួន​មាន​កាំភ្លើង​បាញ់បោះ​សេរី មានឈ្មោះ នៅ លី​ដា អាយុ ៣២​ឆ្នាំ មាន​តួនាទី​នាយ​ផ្នែក នៃ​ច្រក​ទ្វារ​អន្ដរជាតិ​ដូង ។​

ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មន្ត្រី​នគរបាល​ខាងលើ បាន​ផឹកស្រា​ឡើង​ស្រវឹង​ជោកជាំ ហើយ​បាន​ស្រែក​ឡូឡា និង​និយាយ​អួតអាង​ថា ខ្លួន​មាន​ខ្នង​ធំ ស្គាល់​អ្នកធំ​នេះ ស្គាល់​អ្នកធំ​នោះ ហើយ​រូបគេ​គ្មាន​ខ្លាច ញញើត​អ្នក​ណា​ទាំងអស់ រួច​បាន​ដក​កាំភ្លើងខ្លី​ម៉ាក Sig Sauer បាញ់​មេឃ​ជា​ច្រើន​គ្រាប់ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុងស្រុក​ក​ម្រៀ​ង​មានការ​ភ័យ​តក់ស្លុត អ្នកខ្លះ​រត់​ចេញពីផ្ទះ ព្រោះ​ខ្លាច​ត្រូវ​គ្រាប់កាំភ្លើង​របស់​មន្ត្រី​នគរបាល​រូប​នេះ ។ ក្រោយ​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ខ្មាន់កាំភ្លើង​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​  ៕