រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះពិនិត្យ ទីតាំងស្តុកប៊ីចេងរូបវែក មួយកន្លែងដែលនាំចូល អត់ទាន់មានអាជ្ញាប័ណ្ណ នៅផ្ទះ២ល្វែងជាប់គ្នា ផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។


ប្រតិបត្តិការនេះ ដឹកនាំដោយឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេស នៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានការចូលរួមពីនគរបាល អាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូង ចុះពិនិត្យដល់ទីតាំងខាងលើ រកឃើញប៊ីចេងជាច្រើនបាវ និងកញ្ចប់តូចៗដែលច្រករួច ដែលពុំទាន់មានច្បាប់អនុញាតិឲ្យនាំចូល ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញសម្រេចបិទទីតាំងនោះជាបណ្តោះអាសន្ន និងរក្សាសម្ភារ: ប៊ីចេង ទុកនៅមួយកន្លែងក្នុងផ្ទះខាងលើ រង់ចាំសម្រេចជាក្រោយ ៕