កីឡាករ​អាយុ​ក្រោម​២២​ឆ្នាំ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​កម្ពុជា កែវ សុខ​ផេង​ ​បាន​ជួយ​កម្ពុជា​តាម​ស្មើ​មី​យ៉ា​ន់​ម៉ា ទៅ​ហើយ លទ្ធផល​៩០​នាទី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ តែ​នៅ​តែ​គ្មាន​សំណាង​ចុង​ក្រោយ ទា​ត់បាល់បុក​បង្គោល​ទី ធ្វើ​អោយ កែវ សុខ​ផេង បាន​ផ្ដួលខ្លួនទៅ​លើ​ទីលានយំ​បង្ហូរទឹកភ្នែក​បង្ហាញ​ពី​ទំហំ​ឈឺចាប់ និង​សោកស្តាយ​ចំពោះ​ការ​ទាត់​បាល់​១១​ម៉ែត្រ មិន​បាន​សម្រេច​មួយ​នេះ ។​

​ក្តី​ឈឺចាប់​ចំពោះ​បរាជ័យ​មួយ​នេះ កែវ សុខ​ផេង បាន​បង្ហោះ​សារ​ភ្លាម​ៗ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន យ៉ាង​ខ្លី​ថា «​កំហុស​គ្រប់យ៉ាង​មក​ពី​រូប​ខ្ញុំ​» ។​

បន្ទាប់​ពី​សារបង្ហោះ​ចេញមិនបាន​ប៉ុន្មាន​នាទីផង កីឡាករ​ កែវ សុខ​ផេង ទទួល​បាន​សារ​លើកទឹកចិត្ត​ជា​ច្រើន ចេញពី​បេះដូង​អ្នកគាំទ្រក្រុម​គោព្រៃ​កម្ពុជា​យ៉ាងច្រើន​ក្រៃ ។​

យ៉ាងណា​ក្រុម​អ្នកគាំទ្រ​គោព្រៃ​កម្ពុជា មិន​បន្ទោស​ចំពោះ​កំហុស​អ​ចេតនា​មួយ​នេះ​ឡើយ មាន​តែ​លើកទឹកចិត្ត ជាកស្តែង​មាន​មតិ​មួយ​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ទាំងអស់​គ្នា​សុទ្ធតែ​សោកស្តាយ សុទ្ធតែ​ឈឺចាប់​ចំពោះ​ការ​ខកខាន​យក​មេដាយ​សំរឹទ្ធ​នា​ពេល​នេះ ប៉ុន្តែ​ទោះ​ឈឺចាប់​យ៉ាងណា តែ​យើង​មិន​ត្រូវ​បញ្ចប់​វា​នោះ​ឡើយ សង្ឃឹមថា ក្តី​ឈឺចាប់​មួយ​នេះ នឹង​ប្រែក្លាយ​កីឡាករ​គ្រប់​រូប​ឱ្យ​ឆ្ពោះទៅ​រក​ភាព​កាន់តែ​ល្អ​លើ​វិស័យ​បាល់ទាត់ តាម​រយៈ​ការ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ស្វែងរក​ឱកាស​ជោគជ័យ​នៅ​ថ្ងៃក្រោយ »៕