រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩​នេះ អ្នកនាំពាក្យ​ការ​បរទេស និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ព្រម​គ្នា ទៅ​នឹង​សហរដ្ឋអាមេរិក​តាម​រយៈ​ក្រសួង​រតនាគារ​របស់​ខ្លួន បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ និង​រឹតត្បិត​ទិដ្ឋាការ​លោក ទ្រី ភាព និង​អតីត​អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ លោក គន់ គី​ម ព្រមទាំង​សមាជិកគ្រួសារ​លោក​៣​រូប និង​ក្រុមហ៊ុន​ចំនួន​១៦​ទៀត ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា សម្តែង​ការ​ខកចិត្ត ចំពោះ​អា​មេ​រិ​ក ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា​ទ្រី ភាព និង​លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង ជា​អនុប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដោយ​ចោទប្រកាន់​លោក​ទាំង​ពីរ ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។

តាម​រយៈ​សេចក្តីថ្លែងការណ៍ របស់​អ្នកនាំពាក្យ​ការ​បរទេស តប​នឹង​អា​មេ​រិ​ក​ដូច្នេះ​ថា ទ​ង្វើ​នេះ ធ្វើ​ឲ្យ​មានការ​ស្រងាកចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​បុគ្គល​សាធារណៈ​របស់​ប្រទេស​មួយ ត្រូវ​បាន​ក្លាយទៅជា​កម្មវត្ថុ​នៃ​វិធានការ​ទណ្ឌកម្ម​របស់​ប្រទេស​ដទៃ​ទៀត ដោយ​ផ្អែក​លើ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​គ្មាន​ការ​គោរព​ទាល់តែ​សោះ ចំពោះ​ឯករាជ្យ​នៃ​ច្បាប់​និង​យុត្តិធម៌​របស់​ប្រទេស​មួយ ។ ទ​ង្វើ​របស់​អា​មេ​រិ​ក គឺជា​ការ​បំពាន​យ៉ាងធ្ងន់ធ្ងរ លើ​គោលការណ៍​ស្តី​ពី​ស្មើភាព​នៃ​អធិបតេយ្យ និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ផ្សេង​ទៀត​។

លើស​ពី​នេះ អ្នកនាំពាក្យ​ការ​បរទេស បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​នេះ ថា​ជា​ការ​វាយប្រហារ​ប្រឆាំង​នឹង​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ស្តារ​ទំនុកចិត្ត​រវាង​កម្ពុជា​និង​អា​មេ​រិ​ក តាម​រយៈ​សារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ផ្ញើ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នា​ពេល​ថ្មី​ៗ​នេះ​។

ប្រតិកម្ម​នឹង​អា​មេ​រិ​ក​ដូច្នេះ​រួច​ហើយ អ្នកនាំពាក្យ​ការ​បរទេស ក៏​សរសើរ​ថា លោក គន់ គី​ម ត្រូវ​បាន​ទទួលស្គាល់​ជា​សាធារណៈ ចំពោះ​ការ​រួមចំណែក​យ៉ាងច្រើន ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម ហើយ​លោក ទ្រី ភាព បាន​ដើរតួ​នាទី​ដ៏​សកម្ម​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​នៅ​ស្ងៀម​ដែរ លោក​បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​បែប​នេះ​ថា «​ជា​ការ​ភ្ញាក់ផ្អើល​មួយ នៅ​ពេល ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​ការ​ចោទប្រកាន់ និង​ការ​ដាក់​ទណ្ឌកម្ម ក្នុង​លក្ខណៈ​ឯកតោភាគី​ពី​ស្ថាប័នហិរញ្ញវត្ថុ​របស់​អា​មេ​រិ​កមក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​» ។

ប៉ុន្តែ លោក ផៃ ស៊ី​ផា​ន យល់​ថា ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​អាម​រិ​ក មិន​មាន​អ្វី​ប៉ះពាល់​ឡើយ ពោល​គឺ ប្រទេស​ទាំង​ពីរ នៅ​តែ​បន្ត​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។

ការប្រតិកម្មទៅនឹងអាមេរិកបែបនេះ បន្ទាប់ពីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ ចំ​ថ្ងៃ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ​លើ​លោក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រី ភាព​គ្រុប និង​លោក​គន់ គី​ម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។ ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​អា​មេ​រិ​កបាន​ចោទប្រកាន់​ពួក​គេ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ ក្រៅពី​កម្ពុជា អា​មេ​រិ​ក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ដូច​គ្នា​នេះ​ទៅ​លើ​មន្ត្រី​នៃ​ប្រទេស​ឡេ​តូ​នី និង វេ​ណេ​ស៊ុ​យ​អេ​ឡា​ផង​ដែរ​​។

ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​អា​មេ​រិ​កបាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លោក​ឧកញ៉ា​ទ្រី ភាព និង លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម នៅ​ក្នុង​សហរដ្ឋអាមេរិក​ឬ​នៅ​ក្នុង​កម្មសិទ្ធិ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​អា​មេ​រិ​ក​ ។ មិនតែប៉ុណ្ណោះ ក៏​បាន​ហាមឃាត់​មិន​ឱ្យ​ជនជាតិ​អា​មេ​រិ​ក​ទៅ​ពាក់ព័ន្ធ​ជាមួយ​ថែម​ទៀត​។ ក្រសួង​សេដ្ឋកិច្ច​អា​មេ​រិ​ក បាន​ចោទប្រកាន់​លោក​ទ្រី ភាព និង លោក​គន់ គី​ម ដូច​គ្នា​ថា បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ក្នុង​អំពើ​ពុក​រលួយ​ជា​ច្រើន​ករណី​ដូច​ជា ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដោយ​មិន​ត្រឹមត្រូវ ការ​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន អំពើ​ពុក​រលួយ​ទាក់ទង​នឹង​កិច្ចសន្យា​របស់​រដ្ឋាភិបាល​កម្ពុជា ឬ ការ​ទាញ​យក​ធនធានធម្មជាតិ ឬ ស៊ីសំណូក​ ។

សម្រាប់​លោក​ទ្រី ភាព ក្រសួង​សេដ្ឋកិច្ច​អា​មេ​រិ​កបាន​អះអាង​ថា បាន​ប្រើប្រាស់​នូវ​បណ្តាញ​ដ៏​ធំ​នៅ​កម្ពុជា ដើម្បី​បង្កើត​ការ​សម្រប​សម្រួលការ​កាប់​ឈើ​ដោយ​ខុសច្បាប់​ដោយ​ឃុបឃិត​នឹង​មន្ត្រី​រដ្ឋាភិបាល ទិញ​ការ​ការពារ​ពី​រដ្ឋាភិបាល និង ទិញ​ការ​ការពារ​ពី​យោធា ដើម្បី​បម្រើ​ការ​ធ្វើ​ចរាចរ​ផលិតផល​ឈើ​ខុសច្បាប់​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ចិន រុ​ស្ស៊ី និង​អឺរ៉ុប​។ ចំណែក លោក​គន់ គី​ម​វិញ ក្រសួង​សេដ្ឋកិច្ច​អា​មេ​រិ​ក​អះអាង​ថា ជា​មនុស្ស​សំខាន់​ម្នាក់​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ក្នុង​ខេត្តកោះកុង ហើយ​ទទួល​បាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ចិន​។ បើ​តាម​អា​មេ​រិ​ក លោក​គន់ គី​ម បាន​ប្រើប្រាស់​កងកម្លាំង​យោធា ដើម្បី​បំភិតបំភ័យ រុះរើ និង​ឈូស​ឆាយដី​យក​ទៅ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ចិន​។

បន្ថែម​ពីលើ​បុគ្គល​អ្នក​ទាំង​ពីរ សមាជិកគ្រួសារ​លោក​គន់ គី​ម ៣​នាក់ ព្រមទាំង​ក្រុមហ៊ុន​អ្នក​ទាំង​២​សរុប​១៦​ក្រុមហ៊ុន​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​ប​ញ្ចី​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ផង​ដែរ​។ គួរ​បញ្ជាក់​ថា នេះ គឺជា​បន្ថែ​មកា​រដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​កមក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។ កាលពី​ខែមិថុនា ឆ្នាំ​២០១៨ អា​មេ​រិ​ក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ដូច​គ្នា​នេះ​មក​លើ​លោក​ហ៊ីង ប៊ុ​ន​ហៀ​ង ដែល​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន​ផង​ដែរ ដោយ​ចោទ​ថា រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ៕