ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

លោកស្នងការបារាំង លុយស្យៀង វាំងសង់ លូបេត បានទូលព្រះមហាក្សត្រនរោត្តម សីហនុ ថា ទោះបីយ៉ាងណា ការតាក់តែងរដ្ឋធម្មនុញ្ញនេះត្រូវតែជាស្នាដៃរបស់ព្រះអង្គ មិនមែនបណ្តោយឲ្យពួកនយោបាយដែលគ្មានបទពិសោធន៍ក្នុងការដឹកនាំប្រទេស ជាអ្នកតាក់តែងនោះទេ ហើយមានតែព្រះអង្គទេ ដែលស្គាល់នូវផ្នាត់គំនិត និងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជារាស្ត្រព្រះអង្គ។
លោកស្នងការបារាំង បានបញ្ជាក់ប្រាប់ព្រះមហាក្សត្រនរោត្តម សីហនុ ថា សូមព្រះអង្គប្រកាសប្រាប់ប្រជារាស្ត្រពីទឹកព្រះទ័យដ៏ល្អរបស់ព្រះអង្គ ក្នុងការធ្វើសម្បទានរដ្ឋធម្មនុញ្ញនេះដល់ប្រជារាស្ត្រព្រះអង្គទៅ ប្រជារាស្ត្រនឹងដឹងគុណព្រះអង្គជារៀងរហូត ។

ព្រះមហាក្សត្រនរោត្តម សីហនុ ពេលយាងទៅប្រទេសបារាំង

ព្រះមហាក្សត្រនរោត្តម សីហនុ បានសារភាពប្រាប់លោកស្នងការបារាំង វិញថា ការពិត ព្រះអង្គក៏មិនដឹងច្បាស់ថា រដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យនោះគឺជាអ្វីផង ហើយការពិភាក្សាគ្នាពីបញ្ហារដ្ឋធម្មនុញ្ញនេះ គឺហួសពីសមត្ថភាពរបស់ព្រះអង្គហើយ ។ ប៉ុន្តែដោយសារពួកប្រជាធិបតេយ្យបានស្នើសុំឲ្យព្រះអង្គនៅជាអាជ្ញាកណ្តាល ហើយដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នារវាងក្រុមមន្ត្រីដែលមានគំនិតរាជាធិបតេយ្យនិយម និងពួកប្រជាធិបតេយ្យនិយម ពីបញ្ហាបង្កើតរដ្ឋធម្មនុញ្ញនេះតទៅទៀត ព្រះអង្គបានសម្រេចព្រះទ័យថា៖
ទី១ ព្រះអង្គនឹងធ្វើសម្បទាននូវរដ្ឋធម្មនុញ្ញមួយដល់ប្រជារាស្ត្ររបស់ព្រះអង្គ ស្របតាមបំណងដែលលោកស្នងការបារាំង និងពួកមន្ត្រីខ្មែរដែលមានគំនិតរាជាធិបតេយ្យនិយម ចង់បាន ។
ទី២ ព្រះអង្គយល់ព្រមទទួលយកជាបណ្តោះអសន្ននូវពង្រាងរដ្ឋធម្មនុញ្ញ ដែលព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី និងពួកទីប្រឹក្សាបារាំង ជាអ្នកតាក់តែងនោះ។

ព្រះមហាក្សត្រនរោត្តម សីហនុ ជួបមន្រ្តីជាន់ខ្ពស់បារាំង

ទី៣ សភាដែលកើតឡើងចេញពីការបោះឆ្នោតនៅពេលខាងមុខនេះ មិនឲ្យឈ្មោះថាសភាធម្មនុញ្ញទេ ប៉ុន្តែសភានេះមានសិទ្ធិកែប្រែខ្លឹមសារ និងមាត្រាខ្លះលើពង្រាងរដ្ឋធម្មនុញ្ញដែលតាក់តែងដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ដោយមិនត្រូវឲ្យប៉ះពាល់ដល់ប្រការណាមួយ ដែលជាគោលការណ៍នៃរបបរាជាធិបតេយ្យ ឡើយ។
ការសម្រេចព្រះទ័យទាំងបីចំណុចខាងលើនេះ ធ្វើឲ្យលោកស្នងការបារាំង លូបេត(Loubet) និងព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីស៊ីសុវត្ថិ មុនីរ៉េត មានការព្រួយបារម្ភយ៉ាងខ្លាំង ។ ប៉ុន្តែការសម្រេចព្រះទ័យនេះ ត្រូវបានទទួលការអបអរសាទរដោយក្តីរីករាយបំផុត ពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស និងពួកប្រជាធិបតេយ្យ ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស

ដោយអនុវត្តតាមអនុសញ្ញាបារាំង-ខ្មែរ ថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៦ ចាប់ពីខែមីនា ឆ្នាំ១៩៤៦នោះមក គណបក្សនយោបាយជាច្រើនត្រូវបានបង្កើតឡើង ។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ដែលទើបតែត្រឡប់មកពីប្រទេសបារាំង និងលោក អៀវ កើស បានរួបរួមគ្នាបង្កើតគណបក្សប្រជាធិបតេយ្យ ។ ព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត បង្កើតគណបក្សសេរីភាព ។ ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា បង្កើតគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន ។ គណបក្សទាំង៣នេះ សុទ្ធតែដឹកនាំដោយរាជវង្សទាំងអស់ ។
ក្រោយពីសឺង ង៉ុកថាញ់ ត្រូវបារាំង បញ្ជូនទៅឃុំទុកនៅឯប្រទេសបារាំង ពួកសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ នាំគ្នាបាក់ទៅគាំទ្រព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស យ៉ាងគគ្រឹកគគ្រេង ៕